ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបន្ទុកការងារយុវជន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំដើម្បីពង្រឹង រចនាសម្ព័ន្ធដឹកនាំ តម្រង់ទិសឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះជូនដល់សកម្មជនជាយុវជនគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ។
លោក ចាយ បូរិន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកស្រី អនុប្រធានគណបក្ស លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេស លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីវេជ្ជបណ្ឌិត ពេជ ចន្ទមុន្នី ជូនអង្គពិធីទាំងមូល ។
លោក បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃ ខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក ឃុំ ភូមិនៅមូលដ្ឋានស្រុកតំបែរទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី បំពេញភារកិច្ចសម្រេចទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមដែលជាកង្វល់របស់ប្រជាពលរដ្ឋ ធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈធ្វើឲ្យភូមិឃុំមានសុវត្តិភាពបានយ៉ាងល្អប្រសើរ ជំរុញការអនុវត្តដោយជោគជ័យ ការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ស្រុករហូតដល់មូលដ្ឋានភូមិ ឃុំ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជនកាន់តែវិវត្តឈានឡើងឥតឈប់ឈរ បង្កើនបាននូវជំនឿជឿជាក់លើការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោក ចាយ បូរិន ក៏បានជម្រុញលើកទឹកចិត្តដល់ក្រុមការងារយុវជនគ្រប់ជាន់ថ្នាក់ ក្នុងស្រុកតំបែរទាំងអស់ត្រូវរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹងនិងបន្តចូលរួមតាម តួនាទីភារកិច្ចនៃរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឲ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សា សុខសន្តិភាព និងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត និងគាំទ្រ ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត។
នៅក្នុងឱកាសនោះដែរ លោក ចាយ បូរិន ក៏បានប្រគល់មួកសុវត្តិភាព និងវត្ថុអនុស្សាវរីយ៍ ជូនដល់យុវជន និងគណបក្សស្រុកតំបែរ ផងដែរ ៕
ដោយ : សហការី