ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ លួចម៉ូតូពលរដ្ឋប៉ះចំម៉ូតូមានភ្ជាប់ប្រព័ន្ធGPS ឆ្ពោះទៅរាជធានីភ្នំពេញ មិនបានប៉ុន្មានម៉ោងផង ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅស្រាវជ្រាវក្របួចបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅចាត់ការតាមច្បាប់។
ករណីនេះ បានកើតឡើងនៅថ្ងៃទី១១ ខែមករាឆ្នាំ២០២៣ វេលាម៉ោង០២និង០០នាទីយប់នៅចំណុចក្នុងផ្ទះជនរងគ្រោះភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ស៊ឹម សុខតារា ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ សង្កាត់កើតហេតុ ។
ចំណែកជនសង្ស័យឈ្មោះ ប៉ែន ជីតា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ មុខរបរជាងភ្លើង (ឃាត់ខ្លួន)។
ប្រភពដដែលបន្តថា កាលពីពេលវេលានិងទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោរទុកម៉ូតូ០២គ្រឿងនិងធុងបាស់០១គ្រឿងនៅក្នុងផ្ទះ បន្ទាប់មកក៏មានជនសង្ស័យបាននាំគ្នាឆ្កឹះសោរយកម៉ូតូនិងធុងបាស់បាត់ទៅ តែដោយសារម៉ូតូរបស់ជនរងគ្រោះមានភ្ជាប់ប្រព័ន្ធGPS ក៏បានតាមរកឃើញលោតនៅចំណុចផ្ទះជួលមួយកន្លែងនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយមកជនរងគ្រោះក៏បានប្តឹងសមត្ថកិច្ចក្រុងតាខ្មៅសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ ចុះឆែកឆេរផ្ទះជួលនោះហើយដកហូតបានវត្ថុតាងមួយចំនួនរបស់ជនរងគ្រោះនិងឃាត់ខ្លួនបានបក្ខពួកជនសង្ស័យម្នាក់យកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ ស្អាង ជ័យ