ព័ត៌មានទាន់ហេតុការណ៍៖

ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូក្នុងឆ្នាំ២០២២!​ កម្ពុជា​ រកចំណូលបានជាង ៥៣១លានដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣នេះ​ បានបង្ហាញ​ថា៖​ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ​ នៅក្នុងឆ្នាំ២០២២កន្លងទៅ​ថ្មីៗ​នេះ​ កម្ពុជា​រកចំណូលបានជាង ៥៣១លានដុល្លារ។ បរិមាណនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ នៅឆ្នាំ២០២២ មានការកើនឡើង ប៉ុន្ដែចំណូលថយចុះ ដោយសារតម្លៃលក់ជ័រកៅស៊ូធ្លាក់ចុះប្រមាណ ២២៥ដុល្លារក្នុង១តោន បើធៀបនឹងឆ្នាំ២០២១។

របាយការណ៍អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា៖ ចំណូលសរុបឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៥៣១,៨៦៣,៨៤២ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧,៧៧៤,៥៦៩ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤,០៨៩,២៧៣ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញនៅឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣៧២,៩០០តោន បានកើនឡើងចំនួន ៦,៦០០តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៦,៤៨៩ម៉ែត្រគូប។

របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់បន្ថែមថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម នៅឆ្នាំ២០២២ ថ្លៃ ១,៤១៥ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន២២៥ដុល្លារ ក្នុងមួយតោន ស្មើនឹង១៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គួរជម្រាបដែរថា​ គិតត្រឹមឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។

គួរបញ្ជាក់ថា​ កម្ពុជា​ កាលពីឆ្នាំ២០២១​ រកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន ៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៦,២៩២ ម៉ែត្រគូប៕

ដោយ​៖សហការី​


ចែករំលែក៖