ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ៖ ទឹកស្ទឹងព្រែកត្នោតបានស្រកចុះប្រមាណ២តឹកហើយ អាជ្ញាធរកំពុងត្រៀមផ្ដល់អំណោយជូនពលរដ្ឋរងគ្រោះ

ចែករំលែក៖

ភ្នំពេញ៖ ទឹកស្ទឹងព្រែកត្នោតដែលបានហក់ឡើង និងបានបណ្ដាលឱ្យជន់លិចលំនៅឋានប្រជាពលរដ្ឋមួយចំនួនធំនៅសណ្តរស្ទឹងព្រែកត្នោត​ ខណ្ឌដង្កោកាលពីប៉ុន្មានថ្ងៃមុននេះ គិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កម្ពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តយកចិត្តទុកដាក់មើលថែប្រជាពលរដ្ឋ គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

នេះជាការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​ខណៈដែលលោកដឹកនាំ​មន្ត្រី​ជំនាញ​ចុះពិនិត្យ​ស្ថានភាព​ជាក់ស្ដែង​នៅ​តាមទីតាំងដែលលិចដោយជំនន់ទឹកភ្លៀងនៅម្តុំវត្តកំពង់ក្តុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោជាថ្មីម្តងទៀតនាព្រឹកថ្ងៃ​ទី​១៦ ខែ​មករា​ឆ្នាំ​២០២៣នេះ​ ។

​    លោក ឃួង​ ស្រេង​ បានបញ្ជាក់ថា៖ កម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោតបានស្រកចុះប្រមាណ២តឹកហើយនៅថ្ងៃទី១៦មករានេះ ហើយវានឹងបន្តស្រកចុះបន្ថែមទៀត ។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញយកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មកចែកជូន គឺមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។ លោកបានណែនាំឱ្យអាជ្ញាធរខណ្ឌដង្កោ រួមទាំង

កម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ព្រមទាំងកងកម្លាំងប្រដាប់អាវុធនានាប្រចាំការតាមដានស្ថានភាពទឹកជាប់ជាប្រចាំ និងស្រង់ស្ថិតិប្រជាពលរដ្ឋរងគ្រោះឱ្យបានច្បាស់លាស់ ដើម្បីយើងយកអំណោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅប្រគល់ជូនពួកគាត់ឱ្យបានទាន់ពេលវេលា។

សូមរំលឹកថា ទឹកស្ទឹងព្រែកត្នោតបានចាប់ផ្ដើមឡើងខ្លាំងនៅថ្ងៃទី១២ ខែមករា ប៉ុន្តែមិនបានឡើងពេញព្រៀបស្ទឹងភ្លាមៗនោះឡើយ រហូតមកដល់វេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ស្រាប់តែឡើងយ៉ាងគំហុកពេញច្រាំងនិងហៀរចូលលិចលំនៅឋានប្រជាពលរដ្ឋតែម្តង ហើយក៏ត្រូវបានអាជ្ញាធរខណ្ឌដង្កោ រួមទាំងកម្លាំនគរបាលខណ្ឌ និងកងរាជអាវុធហត្ថខណ្ឌ ចុះជួយធ្វើអន្តរាគមន៍ទប់ទឹក ហើយគិតមកត្រឹមព្រឹកថ្ងៃទី១៦មករានេះ កម្ពស់ទឹកបានស្រកចុះប្រមាណ២តឹកហើយ ។ បើតាមអាជ្ញាធរ គ្រោះធម្មជាតិនេះបានធ្វើអោយផ្ទះប្រជាពលរដ្ឋ ២០០០ ខ្នងហើយដែលទទួលរងការលិចលង់ និងត្រូវទទួលបានអំណោយដែលអាជ្ញាធររាជធានីនឹងត្រូវរៀបចំប្រគល់ជូន៕

ដោយ៖ សំរិត


ចែករំលែក៖