ព័ត៌មានទាន់ហេតុការណ៍៖

ពីរនាក់បងប្អូនជិះម៉ូតូឌុបគ្នាទៅសាលារៀនត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹងបណ្តាលឱ្យបងប្រុសស្លាប់ភ្លាមនិងប្អូនរងរបួសធ្ងន់

ចែករំលែក៖

  ខេត្តបាត់ដំបង៖ យុវសិស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយជិះម៉ូតូឌុបគ្នាទៅសាលារៀនហើយត្រូវរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ០៥ ស្ថិតក្នុងភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

  សមត្ថកិច្ចបានប្រាប់ឲ្យថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1X -1105 បើកបរដោយយុវសិស្សម្នាក់ឈ្មោះ ភូ លីហេង  ភេទប្រុស អាយុ ១៦ឆ្នាំ និងអ្នករួមដំណើរជាប្អូនបង្កើតម្នាក់ឈ្មោះ ភូ លីហ៊ួរ អាយុ១៣ឆ្នាំ ទាំងពីរនាក់រស់នៅក្នុងភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីត្បូងទៅជើង គោលបំណងដើម្បីទៅសាលារៀន លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តធុនធ្ងន់សណ្តោងកន្ទុយមួយគ្រឿងមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿនបុកពីក្រោយពេញទំហឹងនិងកិនបណ្តាលឱ្យជនរងគ្រោះជាបងស្លាប់ភ្លាមៗ និងអ្នករួមដំណើរជាប្អូនរងរបួសធ្ងន់ ចំណែករថយន្តគេចខ្លួនបាត់ស្រមោល។

  ក្រោយពេលកើតហេតុ សមត្ថកិច្ចបានដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកសាកសពត្រូវបានបញ្ជូនឱ្យខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយម៉ូតូត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីរង់ចាំស្វែងរកម្ចាស់រថយន្តឱ្យចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ដោយ៖ចន្ទ លីហ្សា


ចែករំលែក៖