ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចំនួន២.២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោតបានទទួល អំណោយសម្ដេចទាំងទ្វេ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ  អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋចំនួន ២.២២៥ គ្រួសារ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកស្ទឹងព្រែកត្នោត នៅបរិវេនវត្តកំពង់ក្ដុល សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៣នេះ។

     លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមករា២០២៣ ទឹកស្ទឹងព្រែកត្នោត បានចាប់ផ្តើមហូរចូល និងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ទឹកស្ទឹងបានបន្តហូរមកពី ខេត្តកំពង់ស្ពឺធ្លាក់មកស្ទឹងព្រែកត្នោត បង្កឲ្យមានជន់លិចសាលាសង្កាត់ចំនួន២ ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២ សាលារៀនចំនួន៣ វត្តអារាមចំនួន២ និងមណ្ឌលសុខភាពចំនួន១ និងប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២.០៩០ខ្នងផ្ទះ ស្មើនឹង ២២២៥ គ្រួសារ មានប្រជាពលរដ្ឋចំនួន ៩.៥៤៥ នាក់ ក្នុងសង្កាត់ចំនួន ១០ ស្មើនឹង ៣១ភូមិ។

     លោក ឃួង ស្រេង លើកឡើងថា មកដល់ពេលនេះកម្រិតទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងនៅស្ទឹងព្រែកត្នោត បានស្រកចុះហើយ វានឹងបន្តស្រកចុះបន្ថែមទៀត ។ អ្វីដែលអាជ្ញាធររាជធានីភ្នំពេញ យកចិត្តទុកដាក់បន្តទៀតនោះ គឺមើលថែប្រជាពលរដ្ឋ ដែលលិចលង់នេះ ដោយត្រូវនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីមកចែកជូន គឺមិនឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយឡើយ។

ក្នុងឱកាសនោះ លោកឃួង ស្រេង ក៏បាននាំយកអំណោយ សម្ដេចតេជោហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត  ចែកជូនបងប្អូន ទាំង២២២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ១បេ, មី១កេស, និងប្រេងឆា១ដប ។ 

      លោក អភិបាលរាជធានីក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌដង្កោគិតគូរពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋក្រោយទឹកជំនន់ស្រកអស់ និងបានជំរុញឲ្យពលរដ្ឋទៅទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ឲ្យបានគ្រប់ៗគ្នា៕

ដោយ៖ សំរិត


ចែករំលែក៖