ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ណែនាំដល់គ្រប់បណ្តាអង្គភាពចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យកាន់តែល្អប្រសើរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានណែនាំដល់គ្រប់បណ្តាអង្គភាព និងការិយាល័យ ផ្នែកចំណុះ ត្រូវបន្តអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងត្រៀមខ្លួនអន្តរាគមន៍សភាពការណ៍ដែលកើតឡើងជាយថាហេតុ ។ លោកមេបញ្ជាការ មានប្រសាសន៍បែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា និងលើកទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៣ របស់អង្គភាព នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ។

លោកមេបញ្ជាការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយ-ពលទាហាន គ្រប់បណ្តាអង្គភាព ការិយាល័យ ផ្នែកចំណុះ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំក្នុងការបំពេញភារកិច្ចដែលថ្នាក់លើដាក់ជូន បានសម្រេចតាមផែនការក្នុងរយៈពេលកន្លងមក ជាពិសេស ការចូលរួម សហការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនាសប្តាហ៍កន្លងទៅ ទទួលបានលទ្ធផលប្រសើរ ។ លោកមេបញ្ជាការ បានណែនាំដល់គ្រប់បណ្តាកងឯកភាពចំណុះ ត្រូវបន្តសកម្មភាពការងារឲ្យកាន់តែល្អប្រសើរថែមទៀត ។

ជាចុងបញ្ចប់ លោកមេបញ្ជាការ បានជូនពរដល់ នាយ-ពលទាហាន មានសុខភាពល្អ សម្រេចជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ឲ្យ និងជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ​៖សហការី​


ចែករំលែក៖