ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល​ហាមឃាត់​ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាងដែលគ្មានលេខបញ្ជិកា និងគ្មានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សុខាភិបាល​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​១៨​ ខែមករា​ ឆ្នាំ​២០២៣នេះ​ បានចេញសេចក្តី​ជូន​ព័ត៌មាន ស្តីពីការ​ហាមឃាត់​ការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព និងផលិតផលគ្រឿងសម្អាងដែលគ្មានលេខបញ្ជិកានិងគ្មានលេខប្រវេទន៍ទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា។ 

    ជាក់ស្ដែង​នៅក្នុង​សេចក្តីជូនដំណឹងរបស់ក្រសួង​បានបញ្ជាក់ថាក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖

    យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ១- Narita tokyo ផលិតផល ជប៉ុន ២- Narita tokyo ផលិតផលជប៉ុន២កំពុងផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាពឈ្មោះ ១-Glucosamine, ២-OMEGA-3, ៣-Calcium X (Height Enhancer) និងផលិតផលគ្រឿងសម្អាងឈ្មោះ ១-CureWhite ព្រមទាំងផលិតផលមួយចំនួនទៀតគ្មានលេខបញ្ជិកា និងលេខប្រវេទន៍ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

    អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលបំប៉នសុខភាព ឬគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ញិកា ឬលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញផលិតផលបំប៉នសុខភាព ឬគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្របញ្ញិកា ឬប្រវេទន៍ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវគឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ២-ផ្នែកខាងក្រោមមានលេខបញ្ញិកា ឬប្រវេទន៍ ដូចមានគំរូភ្ជាប់ជាមួយ។

   ក្រសួងសុខាភិបាលសូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវជឿលើការផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ និងបញ្ឈប់ការប្រើប្រាស់ផលិតផលខាងលើនេះបន្តទៀត ព្រោះផលិតផលគ្មានលេខបញ្ញិកា ឬប្រវេទន៍ មិនអាចធានាបាននូវគុណភាព ហើយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាព របស់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ក្រសួងសុខាភិបាលតម្រូវឱ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវឈប់នាំចូល ចែកចាយឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬផលិតផល គ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ខាងលើជាបន្ទាន់។

    ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ញិកា ឬលេខប្រវេទន៍ខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថជាធរមាន។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលបំប៉នសុខភាព ឬផលិតផលគ្រឿងសម្អាងគ្មានលេខបញ្ជិកា ឬលេខប្រវេទន៍ខាងលើ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទទំ ០១២ ៣៥៥ ១៦១, ០១២ ៩០៤ ៣៨៥, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០​ ៕

ដោយ​៖សហការី​


ចែករំលែក៖