ព័ត៌មានទាន់ហេតុការណ៍៖

បុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៉ីនទ្រីម្នាក់​ ត្រូវរថយន្តក្រុមហ៊ុនខ្លួនឯងកិនស្លាប់មួយរំពេច

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនសុីនទ្រី​ សង្ស័យងងុយដេកបានធ្លាក់ពីលេីរថយន្តចូលក្រោមកង់កិនស្លាប់ភ្លាមៗនៅនឹងកន្លែង​ បង្កការភ្ញាក់ផ្អេីល​ដល់អ្នកដំណេីរ​កាលពីវេលាម៉ោង៦:៣០នាទីព្រឹក​ ថ្ងៃពុធ​ទី១៨ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចលើផ្លូវលេខ២១៧ ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

​    សពរងគ្រោះមានឈ្មោះ ហឿន សុខហួយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៉ីនទ្រី(វេនយប់) មានទីលំនៅភូមិព្រៃទទឹក ឃុំព្រៃទទឹក ស្រុកស៉ីធរកណ្តាល ខេត្តព្រៃវែង (ស្លាប់នៅកន្លែងកើតហេតុ) ។​ ចំណែករថយន្តបង្កម៉ាក HINO ពណ៌លឿង គ្មានស្លាកលេខ(របស់ក្រុមហ៊ុនស៉ីនទ្រី) ។ 

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកេីតហេតុ​ ជនរងគ្រោះ​ និងក្រុមការងារមានប្រមាណ៣នាក់ទៀតបានអង្គុយនៅលើកាងក្រោយនៃរថយន្តសុីនទ្រីខាងលេី​ ខណៈរថយន្តកំពុងធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ២១៧​ ស្រាប់តែជនរងគ្រោះធ្លាក់ពីលេីរថយន្តចូលកង់ក្រោយកិនស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុតែម្ដង​ ។ ចំណែកតៃកុង​ រថយន្តឃេីញសភាពបែបនេះ​ ក៏ភ័យចុះពីលេីរថយន្តគេចខ្លួនបាត់ស្រមោល​ទៅ ។ 

​      ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ដេីម្បីដោះស្រាយបន្ត​។ ចំណែកសពជនរងគ្រោះ​ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖