ខេត្តតាកែវ ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវបានឱ្យដឹងថា យ៉ាងហោចណាស់មានស្រូវប្រាំងរបស់ប្រជាកសិករនៅក្រុង ស្រុកចំនួន៤ ដែលមានទំហំជាង១ម៉ឺនហិកតា បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវប្រាំង។ លោកអភិបាលខេត្តបានឲ្យដឹងយ៉ាងដូច្នេះក្នុងឱកាសចុះពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងការពារល្ងាចថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ នៅស្រុកសំរោងនិងស្រុកអង្គរបុរី។
លោកអភិបាលខេត្តបានបញ្ជាក់ថា ក្រុង ស្រុកទាំង៤ ដែលរងការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅរដូវ ប្រាំងនេះ រួមមាន៖ ស្រុកទ្រាំង,ស្រុកសំរោង,ស្រុកអង្គរ បុរី និងក្រុងដូនកែវ ដែលសរុបផ្ទៃដីមានជា១ម៉ឺនហិកតា បានទទួលរងផលប៉ះពាល់ដោយក្នុងនោះជួយសង្រ្គោះបានទំហំ៣០០ហិកតា ខូចខាតទាំងស្រុង១០ហិកតា។
លោក អ៊ុច ភា បានបន្តថា ក្នុងនាមអាជ្ញាធខេត្ត លោកបានចុះពិនិត្យដល់តំបន់ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ភ្លៀង និងបានណែនាំដល់មន្ត្រីកសិកម្ម, មន្រ្តីធនធានទឹក អាជ្ញាធមូលដ្ឋានត្រូវបន្តតាមដាន និងវាយតម្លៃឱ្យបានត្រឹមត្រូវពីផលប៉ះពាល់ដោយទឹកជំនន់ភ្លៀងដែលមិនធ្លាប់ជួបប្រទះនៅរដូវប្រាំង ជាពិសេសអាជ្ញាធមូលដ្ឋានត្រូវតែត្រៀមលក្ខណៈឱ្យបានរួចរាល់ក្នុងករណីទឹកឡើងខ្លាំង ដើម្បីបើកផ្លូវទឹក និងត្រៀមជម្លៀសប្រជាពលរដ្ឋចេញពីតំបន់លិចទឹកទៅកាន់ទីទួលមានសុវត្ថិភាព។
ឆ្លៀតនៅក្នុងឱកាសនោះលោក អ៊ូច ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួមសហការជាមួយអាជ្ញាធរ និងត្រូវមានប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ភ្លៀងនេះ ជៀសវាង មានការធ្វេសប្រហែសដែលនាំឱ្យបាត់បង់ទ្រព្យសម្បត្តិ ឬអាយុជីវិត៕
ដោយ៖ សូរិយា