ភ្នំពេញ ៖ ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ ដោយខ្លួនឯងក្នុងករណីសង្ស័យឆ្លងវីរុសកូវីដ-១៩ គឺជាការជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំព្យាបាលបានទាន់ពេលវលា។
នេះជាអត្ថបទសរសេរដោយ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វក-១៩) នៅយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ វីរុសកូវីដ-១៩. មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ ហើយពពួកអូមីក្រុងបំប្លែងខ្លួនថ្មីៗ ក៏ កំពុងតែចរាចរនៅលើសាកលលោក និងនៅក្នុងតំបន់ផងដែរ។ នាឱកាសសែនដូនតា និងចូលឆ្នាំប្រពៃណីជាតិ ខ្មែរខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តការប្រុងប្រយ័ត្ន និងអនុវត្តវិធានការការពារខ្លួនពីការចម្លង វីរុសកូវីដ-១៩ ”៣ការពារ និង ៣កុំ” និងបន្តទៅទទួលយកការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដូសជំរុញ (ដួសទី៣ ដួសទឹ ៤ ដួសទី៥ ដួសទី៦ និងដួសជំរុញបន្តបន្ទាប់) នៅពេលដល់វេន ឱ្យបានត្រឹមត្រូវតាមពេលវេលា។
ដើម្បីជួយដល់ការថែទាំសុខភាព និងព្យាបាលបានទាន់ពេលវេលា ព្រមទាំងការពារផលប៉ះពាល់សុខភាព ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ប្រសិនបើលោកអ្នកមានរោគសញ្ញាសង្ស័យ សូមកុំភ្លេចប្រញាប់ធ្វើតេស្ដរហ័សដោយខ្លួនឯង ដើម្បីពិនិត្យរកវត្តមានវីរុសកូវីដ-១៩ ឱ្យបានលឿន ហើយក្នុងករណីដែលរកឃើញថាមានវិជ្ជមានវីរុសកូវីដ-១៩ សូមនៅដាច់ដោយឡែកចៀសវាងការចម្លងបន្តទៅក្រុមគ្រួសារ ឬទៅអ្នកដទៃ ហើយធ្វើការថែទាំ និងព្យាបាលខ្លួន ឱ្យបានឆាប់រហ័ស ដើម្បីចូលរួមចំណែកកាត់បន្ថយបានជាអតិប្បរិមានូវការចម្លងបន្ត និងការសម្រាកព្យាបាលនៅ មន្ទីរពេទ្យដោយភាពធ្ងន់ធ្ងរ ព្រមទាំងអាចសន្សំសំចៃថវិកាពីការចំណាយលើការថែទាំព្យាបាលជំងឺធ្ងន់ផងដែរ។
សូមកុំភ្លេច ការធ្វើតេស្តរហ័សដោយខ្លួនឯង គឺជួយសង្គ្រោះខ្លួនឯង ឱ្យមានការថែទាំ និងព្យាបាលបានទាន់ ពេលវេលា! ធ្វើតេស្តរហ័ស និងព្យាបាលរហ័ស ជាមធ្យោបាយដ៏ល្អជួយអាយុជីវិតលោកអ្នកពីសត្រូវអត់ស្រមោល កូវីដ-១៩ )
សូមគោរពជូនពរបងប្អូនបជាពលរដ្ឋទាំងអស់ សូមមានសុខភាពល្អបរិបូណ៍ ចម្រុងចម្រើន និងសប្បាយ រីករាយក្នុងឱកាសសែនដូនតា និងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រកបដោយសុខសុវត្ថិភាព។
សូមអរព្រះគុណ និងសូមអរគុណ! ៕
ដោយ ៖ សិលា