ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ​ភូមិតារាងបាល់​សំណូមពរដល់អាជ្ញាធរ​ក្រុង​ស្វាយ​រៀងមេត្តា​ចុះ​ពិនិត្យមើលក្រុមអាជីវកម្ម​ជីករ​ណ្តៅ​ដី​ជ្រៅពេកអាចបង្ក​ឱ្យបាក់​ដី​លំនៅ​ឋានរបស់ពួកគាត់

ចែករំលែក៖

   ខេត្តស្វាយរៀង ៖ ​ប្រជាពលរដ្ឋប្រមាណ៨​គ្រួសារ​​បានសំណូមពរដល់អាជ្ញាធរ​ក្រុង​ស្វាយ​រៀងមេត្តា​ចុះ​ពិនិត្យមើលក្រុមអាជីវករជីករ​ណ្តៅ​ដី​យក​អាចម៍ដី​លក់ជ្រៅពេក អាចបង្ក​ឱ្យបាក់​ដី​លំនៅ​ឋាននិងដីស្រែរបស់ពួកគាត់ស្ថិត​នៅ​ភូមិ​តារាង​បាល់ សង្កាត់​គយ​ត្របែក ក្រុង​ស្វាយ​រៀង​។​

    បើតាមក្រុមប្រឹក្សា​សង្កាត់​គយ​ត្របែក បាន​ឱ្យដឹង​ថា ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី យក​អាចម៍ដី​លក់​នេះ មានឈ្មោះ តូ ភេទ​ប្រុស ហើយ​នៅ​ក្នុង​កិច្ចសន្យា​នៃ​ច្បាប់​ធ្វើ​អាជីវកម្ម គឺ​ជីករណ្តៅជម្រៅ​០៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​ទំហំ​០៥​ម៉ែត្រ បើ​មាន​ផល​ប៉ះពាល់​ត្រូវ​សង​សំណង​ជូន​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​ជាក់ស្តែង ឈ្មោះ​តូ ម្ចាស់​អាជីវកម្ម​នោះអនុវត្ត​ខុស​កិច្ចសន្យា ដោយ​ជីករណ្តៅ​ដី​ជ្រៅ​ជម្រៅ​១០​ម៉ែត្រ ហើយ​ទុក​ចិញ្ចើម​ចំណី​រណ្តៅ​ដី​តែ​២​ម៉ែត្រ បង្ក​ឱ្យបាក់​ដី​លំនៅ​ឋាន និង​ដីស្រែ​របស់​ប្រជាពលរដ្ឋ ហើយ​ដឹក​ដី​លើស​ទ្រុង​បង្ក​ឱ្យធ្លាក់​អាចម៍ដី​លើ​ផ្លូវ​ក្រាល​កៅស៊ូ នាំឱ្យមានការ​ហុយ និង​រអិល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ទៀត​ផង​។

    ចំណែកឯ​លោក តូ ម្ចាស់​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​វិញ ក៏​បាន​ប្រាប់​ឱ្យដឹង​ដែរ​ថា លោក​មិន​គេចវេះទេ គាត់​បាន​ប្រាប់​ម្ចាស់​ដី​ដែល​ប៉ះពាល់​ហើយ​ថា លោក​នឹង​ចាក់​ដី​បំពេញ​កន្លែង​ដែល​បាក់​ឲ្យ​ស្មើ​ដូច​ដើម​វិញ ក៏​ប៉ុន្តែ​ដោយសារ​មាន​ភ្លៀង មិន​អាច​ដឹក​ដី​ចូល​ទៅ​ចាក់​បាន ទើប​ខ្លួន​ដឹក​គ្រឿងចក្រ​ចេញ ចាំ​មើល​រាំងភ្លៀង ឬ​ចូល​ឆ្នាំ​ចិន​ហើយ ខ្លួន​នឹង​ដឹក​ដី​មក​ចាក់​លុប​ឲ្យ​ស្មើ​វិញ​ហើយ​។

     លោក តូ បាន​បញ្ជាក់​ទៀត​ថា ការ​ជីក​ជ្រៅ ព្រោះខ្លួន​ទិញ​ដី​ថ្លៃ ១​ហិ​កតា​ថ្លៃ៧​ម៉ឺន​ដុល្លារ បើ​ជីក​ជម្រៅ​៥​ម៉ែត្រ​គឺ​ខាត​ ហើយ​ច្បាប់​ឱ្យជីក​ជម្រៅ​៥​ម៉ែត្រ ខ្លួន​បាន​បង់​សួយសារអាកររួច​ហើយ រីឯ​ការជីក​ថែម​ជម្រៅ​៥​ម៉ែត្រ​ទៀត (១០​ម៉ែត្រ​) គឺ​បង់​សួយសារអាករ​ឱ្យមន្ទីរ​រ៉ែនិង​ថាមពល​ខេត្តស្វាយរៀង​បន្ថែម គឺ​មិន​ខុសច្បាប់​ទេ ព្រោះមន្ទីរ​អនុញ្ញាត និង​បង់​សួយសារអាកររួច​ហើយ ។

    ពាក់ព័ន្ធករណី​ខាងលើ​នេះ លោក បាត់ សាក់ ប្រធាន​កា​រិ​យាយ​ល័យ​ធនធាន​រ៉ែ នៃ​មន្ទីរ​រ៉ែនិង​ថា​មពល​ខេត្តស្វាយរៀង បាន​ឱ្យអ្នកសារព័ត៏មានដឹង​ថា ច្បាប់​អនុញ្ញាត គឺ​ឱ្យជីក​ជម្រៅ​៥​ម៉ែត្រ និង​ទុក​ចំណី​រណ្តៅ​៥​ម៉ែត្រ បើ​ម្ចាស់​អាជីវកម្ម​ជីក​ដល់​១០​ម៉ែត្រ ចាំ​លោក​ចុះ​ទៅ​ពិនិត្យ​មើល បើ​មាន​ផល​ប៉ះពាល់​ដីស្រែ​ប្រជាពលរដ្ឋ លោក​នឹង​សុំ​គោលការណ៍​កោះហៅ​មកដោះស្រាយ ៕

ដោយ៖ សុថាន


ចែករំលែក៖