ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងជាស្រវឹងស្រាបើកទៅបុកសំយ៉ាបឃ្លាំងមួយកន្លែង រួចបន្តបុកចូលផ្ទះពលរដ្ឋលក់ចាប់ហួយ បណ្តាលឱ្យរថយន្តក្រឡាប់ផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកសំយ៉ាបឃ្លាំងមួយកន្លែង រួចបន្តបុកចូលផ្ទះពលរដ្ឋលក់ចាប់ហួយ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពាក់ស្លាកលេខភ្នំពេញ 2BQ-0167 បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតរថយន្តមកខាងឆ្វេងដៃ ជ្រុលទៅបុក រះបង្គោលដែកសំយ៉ាបឃ្លាំងផ្ទុកសម្ភារៈមួយកន្លែង ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកទម្លុះចូលផ្ទះប្រជាពលរដ្ឋ លក់ចាប់ហួយបណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង ចំណែកអ្នកបើករថយន្តមិនមានរងរបួសនោះទេ បានគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើកំណត់ហេតុ យករថយន្តបង្ក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ រង់ចាំឱ្យភាគីទាំងសងខាងសម្រួលគ្នានៅពេលក្រោយ៕

ដោយ ៖ ជ្រោយពេជ្រ


ចែករំលែក៖