ភ្នំពេញ ៖ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ រួចឌុបស្រីស្នេហ៍បំណងយកទៅដេកផ្ទះសំណាក់ តែមិនទាន់ដល់ផងត្រូវជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងមកធ្វើសកម្មភាពដកកាំភ្លើងខ្លីភ្ជង់វ៉ៃបែកក្បាល ហេីយប្លន់យកម៉ូតូជិះគេចបាត់ស្រមោល ទេីបបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៤ និង៣០នាទីទាបភ្លឺឈានចូលថ្ងៃសុក្រ ទី២០ ខែមករាឆ្នាំ២០២៣ត្រង់ចំណុចដីឡូត៍មួយកន្លែងកែងនិងផ្លូវ៣០ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បុរសរងគ្រោះមានឈ្មោះ ផុត សុផាត អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងបាញ់ថ្នាំឡាន ស្នាក់នៅជិតវត្តស្លែង តាមបណ្តាយផ្លូវជាតិលេខ៣ មានស្រុកកំណើតនៅស្រុកទ្រាំង ខេត្តតាកែវ ។ រីឯនារីជាគូស្នេហ៍អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការនៅKTVមួយកន្លែង ស្នាក់នៅទួលពង្រ ជិតកន្លែងកើតហេតុ មានស្រុកកំណើតនៅខេត្តស្វាយរៀង។ ដោយម៉ូតូជនសង្ស័យប្លន់យកទៅបាត់ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ7842 (មិនចាំតួអក្សរ) ។
បេីតាមការរៀបរាប់របស់ជនរងគ្រោះបាន ប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់នឹងសង្សាររបស់គាត់បានចេញពីក្លឹបវីតណាយ។ ហើយក៏ជិះម៉ូតូតាមផ្លូវទួលពង្រមកដល់ស្តុបទួលពង្រក៏ឈប់ទិញបាយនិងទឹកសុទ្ធមួយដប រួចជិះបន្តទៅផ្លូវ៣០ម៉ែត្រ ទិសដៅពីលិចទៅកើត និងបត់ទៅទិសខាងជើងតាមបណ្ដោយផ្លូវលំក្នុងគោលបំណងចូលដេកផ្ទះសំណាក់មួយកន្លែង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿងមកពីក្រោយបានគៀរឲ្យដួលហើយក៏បានដកកាំភ្លើងគំរាមពួកគាត់ ខណៈពេលនោះគាត់បានរត់ចេញពីកន្លែងកើតហេតុដោយជនសង្ស័យម្នាក់ក៏ដេញតាម យកកាំភ្លើងវ៉ៃក្បាលបណ្ដាលឱ្យបែកនឹងយកទូរស័ព្ទដៃមួយគ្រឿងថែមទៀត។ជនសង្ស័យម្នាក់ទៀតក៏ទះកំផ្លៀងស្ត្រីដែលត្រូវជាសង្សារបណ្ដាលឲ្យដួលខ្ទាតចូលទៅព្រៃត្រែង។ឆ្លៀតពេលនោះជនសង្ស័យក៏បានលើកម៉ូតូជនរងគ្រោះជិះទៅទិសខាងត្បូងគេចបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ បានចុះមកដល់កន្លែងកើតហេតុ បានត្រឹមនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង និងសួរនាំកំណត់មុខសញ្ញាស្រាវជ្រាវចាប់ជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ