ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរក្រុងស្វាយរៀងចុះផ្អាកក្រុមហ៊ុនគ្រឿងចក្រ ង៉ូ ម៉ុងម៉េង ជីកយកអាចម៍ដីនៅភូមិតារាងបាល់សង្កាត់គយត្របែកជាបណ្ដោះអាសន្ននិងឱ្យសុំច្បាប់ធ្វើអាជីវកម្មបន្ត

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អាជ្ញាធរក្រុងស្វាយរៀងចុះផ្អាកក្រុមហ៊ុនគ្រឿងចក្រ ង៉ូ ម៉ុងម៉េង ជីកយកអាចម៍ដី នៅភូមិតារាងបាល់សង្កាត់គយត្របែកជាបណ្ដោះអាសន្ននិងឱ្យសុំច្បាប់ធ្វើអាជីវកម្មបន្ត នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តស្វាយរៀង។

យោងតាមលោក សាំង ឡៃ នាយករងរដ្ឋបាលក្រុងស្វាយរៀងបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៣នេះថាក្នុងនាមលោកតំណាងឱ្យលោក ណុបចំរើន អភិបាលក្រុងបានដឹកនាំក្រុមការងាររដ្ឋបាលក្រុង និងសង្កាត់គយត្របែក នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២៣ចុះពិនិត្យមើលរណ្ដៅដី ដែលជារបស់ក្រុមហ៊ុនគ្រឿងចក្រឈ្មោះ ង៉ូ ម៉ុងម៉េង កំពុងជីកយកអាចម៍ដី។

លោកបន្តថា តាមការពិនិត្យជាក់ស្ដែងឃើញថាក្រុមហ៊ុននេះបានជីក លើសដែនសមត្ថកិច្ចអាជ្ញាប័ណ្ណរ៉ែរបស់រដ្ឋបាលក្រុង បន្ទាប់ពីក្រុមការងារបានពិនិត្យរួចមក បានធ្វើកំណត់ហេតុនិងផ្អាកក្រុមហ៊ុនគ្រឿងចក្រ ង៉ូ ម៉ុងម៉េង ជីកយកអាចម៍ដី នៅភូមិតារាងបាល់ជាបណ្ដោះអាសន្ន និងណែនាំឱ្យក្រុមហ៊ុនមួយនេះទៅសុំច្បាប់អាជីវកម្មបន្ត នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ឬនៅស្ថាប័នពាក់ព័ន្ធតាមទំហំដែលបានជីកជាក់ស្ដែង។

សូមបញ្ជាក់ថា រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់ម្ចាស់អាជីវកម្មជីកអាចម៍ដីទាំងអស់ក្នុងក្រុង ត្រូវគោរពតាមច្បាប់ លិខិតអនុញ្ញាត អាជ្ញាប័ណ្ណជាដាច់ខាត៕

ដោយ៖ សុថាន


ចែករំលែក៖