ខេត្តកណ្តាល ៖ បើយោងតាមការបញ្ជាក់ឱ្យដឹងពីសមត្ថកិច្ចនគរបាល ខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់ថា, សំណុំរឿងដែលស្រ្តីជាម្ចាស់រថយន្តទំនើបម៉ាក BMW បើកកិនយុវជនខ្មែរអ៊ិស្លាមម្នាក់ស្លាប់ និងរបួស ២នាក់ ត្រូវនគរបាលក្រុងតាខ្មៅ នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល បានបញ្ជូនទៅតុលាការខេត្តកណ្ដាលហើយ។
ស្ត្រីបើកបរជាភាគីជនបង្ក បុកមនុស្សស្លាប់ ហើយគេចខ្លួន បានសងសំណងទៅកាន់គ្រួសារជនរងគ្រោះ ដែលស្លាប់ចំនួន ២.០០០ដុល្លារ។ នេះបើតាមលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ។ រីឯសំណុំរឿងនៅតែបន្តបញ្ជូនទៅតុលាការ ព្រោះរឿងនេះបើយោងតាមផ្លូវច្បាប់នៅជាប់បណ្ដឹងអាជ្ញា។
សូមបញ្ជាក់ ថា ដំណើររឿងកិនស្លាប់ ដោយរថយន្ត BMW ពាក់ស្លាកលេខ 2AX-8987 ពណ៌ក្រហម ដែលមានម្ចាស់ឈ្មោះ អីន សឿន ភេទស្រី អាយុជាង ៣០ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស ដែលរវាងម៉ូតូ SCOOPY បើកបញ្ច្រាសទិសទៅបុកម៉ូតូ MSX រួចផ្លោងខ្ទាតមនុស្សទៅក្រោមរថយន្ត ត្រូវរថយន្ត BMW ឈប់បើកកិនពីលើស្រស់ៗ តែម្តង រួចបើករថយន្តគេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២០និង០០នាទី លើផ្លូវជាតិលេខ២ ត្រង់ចំណុចខាងការាសលាងឡានVS ស្ថិតនៅភូមិដើមគ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ទោះជាពេលនេះ មន្ត្រីនគរបាលយុត្តិធម៌បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយស្ត្រីជនបង្កសំណងចំនួន២.០០០ដុល្លារ ក៏ដោយ ក៏ជាប់បទព្រហ្មទណ្ឌ បើកបរបុកមនុស្សស្លាប់ ដោយការធ្វេសប្រហែស និងបើកបររត់គេចចេញពីកន្លែងកើតហេតុ ត្រូវតែមានការផ្ដន្ទាទោស ដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោក។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ កំពុងធ្វើការតាមដានក្នុងរឿងនេះ តើស្ត្រីជនបង្ក អាចគេចខ្លួនពីសំណាញ់ច្បាប់ ដូចជនទំនើងដែលបើករថយន្តទាំងស្រវឹង បុកកុមារអាយុ ៦០ ថ្ងៃស្លាប់ និងពីរនាក់ទៀតរងរបួស បញ្ចប់ត្រឹមសំណង ២,៥០០ ដុល្លារនោះឬមួយយ៉ាងណា ? ប្រសិនបើ ជនបង្ករួចខ្លួន និទណ្ឌភាពនៃការអនុវត្តច្បាប់ ប្រាកដជាបន្តកើតមានចំពោះជនដែលបំពានទៅនឹងផ្លូវច្បាប់ ៕
ដោយ៖ សហការី