ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ស្ថានីយប្រេងទម្លាយថា ប្រធានសាខាកាំកុងត្រូលខេត្តតាកែវដាក់កំហិតឱ្យបង់លុយចាប់ពី២០ម៉ឺនដល់៦០ម៉ឺនរៀល

ចែករំលែក៖

    ខេត្តតាកែវ ៖ មានប្រភពបែកធ្លាយជាច្រេីនលេីកឡេីងថា​ លោកប្រធានសាខាកាំកុងត្រូលខេត្តតាកែវដែលទើបឡើងកាន់តំណែងថ្មីៗ បានដើរដាក់កំហិតទៅម្ចាស់ស្ថានីយប្រេងក្នុងខេត្តទាំងអស់ត្រូវបង់លុយឱ្យជំនាញខ្លួនប្រចាំខែ ជាថ្នូរនឹងការមិនផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងនៃការលក់ផលិតផលរបស់ខ្លួន។

    តាមប្រភពបែកធ្លាយពីតុកាហ្វេជាច្រើនដែលមានអ្នកប្រកបរបរបើកស្ថានីយប្រេងឥន្ធនៈបង្ហើបថា លោក ហេង ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានដាក់កំហិតឱ្យម្ចាស់ស្ថានីយប្រេងឥន្ធនៈបង់លុយទៅគាត់ចាប់ពី២០ម៉ឺន ទៅ៦០ម៉ឺនរៀលក្នុងមួយខែៗ តាមទំហំស្ថានីយប្រេងសាំងតូចឬធំ បើមិនអ៊ីចឹងទេនឹងប្រឈមការផាកពិន័យធ្ងន់ធ្ងររាល់កំហុសឆ្គងដែលម្ចាស់ស្ថានីយមាន។        ប្រភពបង្ហើបទៀតថា ពេលកម្លាំងជំនាញកាំកុងត្រូលចុះពិនិត្យការលក់តាមស្ថានីយប្រេងសាំង បើរកឃើញលក់មិនគ្រប់លីត្រគឺត្រូវព្រមាននិងពិន័យ តែបើនិយាយត្រូវរ៉ូវគ្នាជាមួយជំនាញនិងយល់ព្រមបង់លុយជាប្រចាំខែទៅឱ្យគាត់ គឺអាចដំណើរការបានមិនអីទេ។ 

   ជុំវិញប្រភពបែកធ្លាយខាងលើ លោក ហេង ភារម្យ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះថា មិនមានដូចអ្វីដែលលើកឡើងខាងលើនេះទេ កម្លាំងជំនាញលោកធ្វើការតាមច្បាប់ មិនបានបង្គាប់បញ្ជាឱ្យម្ចាស់ស្ថានីយប្រេងសាំងបង់លុយប្រចាំខែនោះទេ។ លោកប្រធានបន្តថា សូមឱ្យអ្នកកាសែតមកហូបកាហ្វេលេងជាមួយគាត់ម្តងទៅ បើចង់ដឹងព័ត៌មាននេះច្បាស់។

    សូមបញ្ជាក់ដែរថា ស្ថានីយប្រេងឥន្ធនៈទូទាំងខេត្តតាកែវ មានចំនួន ២៨០ស្ថានីយទាំងតូចទាំងធំ ហើយបើត្រូវបង់លុយទៅឱ្យលោកប្រធានសាខាកាំកុងត្រូលដូចដែលប្រភពបែកធ្លាយមែននោះ លោកប្រធាននឹងគ្រប់ទឹកដូចជីកកំណប់ហើយមួយខែៗ៕

ដោយ៖ សូរិយា


ចែករំលែក៖