ព័ត៌មានទាន់ហេតុការណ៍៖

លោកគឹម ពិសិដ្ឋ ត្រូវបានរាជរដ្ឋាភិបាលសម្រេច ផ្លាស់ប្តូរមកជាប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ នៅសាលប្រជុំសាលាខេត្តបានរៀបពិធីប្រកាសផ្លាស់ប្តូមុខតំណែង និងចូលកាន់មុខតំណែងថ្មី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត ក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់អភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាលក្រុង ស្រុកទាំង៦ កងកម្លាំងប្រដាប់អាវុធទាំង៣ ។ 

ដោយយោងក្នុងសេចក្តីប្រកាសលេខ០០២ដនស/ប្រក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ស្តីពីការសម្រួលភារកិច្ចមន្ត្រីរាជការចំនួន២រូបមានដូចខាងក្រោម:

១.លោក គឹម ពិសិដ្ឋ ប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង ទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្ទឹងត្រែង។

២.លោក ម៉ិញ ស៊ីចាយ ពីប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងទៅជាប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដី នគរូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។ 

ក្នុងឱកាសនេះដែរលោក ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា: ជាមួយនឹងការចូលរួមអបអរសាទរចំពោះលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង ដែលត្រូវប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែងសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយមនសិការ ឆន្ទៈ ក្រមសីលធម៌ និងស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ផែនការយុទ្ធសាស្រ្ដរបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ។ 

លោកអភិបាលខេត្តបានបន្តទៀតថា: ក្នុងនាមរដ្ឋបាលខេត្តសូមសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក មុិញ សុីចាយ ដែលក្នុងរយៈពេល ៦ឆ្នាំ បម្រើការងារជាមន្រ្តីសុរិយោដីក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រយៈពេល ៦ឆ្នាំកន្លងមកនេះ បានសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តនិងដឹកនាំការងារជំនាញទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ជាពិសេសលើការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត។

លោកឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានមានប្រសាសន៍ថា:ការផ្លាស់ប្តូរមន្ត្រីជារឿងធម្មតាទៅតាមការចាត់តាំងរបស់ក្រសួងក៏ដូចជាស្ថាប័ននីមួយៗផងដែរ។ លោកក៏បានធ្វើការក្រើនរំលឹក ចំពោះលោក គឹម ពិសិដ្ឋ ដែលត្រូវបាន ផ្លាស់ប្តូរមកបម្រើការងារជាប្រធានមន្ទីរសុរិយោដីថ្មី ក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង និងក្នុងនាមជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត។ ត្រូវបន្តការសហការ និងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការអនុវត្តនិងដឹកនាំការងារជំនាញទាំងលើការងារចុះបញ្ជីដីធ្លី ការកសាងផែនការប្រើប្រាស់ដីធ្លី ការសម្របសម្រួលក្នុងកិច្ចការសម្បទានដីសង្គមកិច្ច ការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន។ 

ជាពិសេសត្រូវផ្តោតលើការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីផ្សេងៗ ដែលទាំងអស់នេះ គឺពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល ក្រសួង និងរដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់សុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លី ដែលជាបច្ច័យជួយជំរុញនូវកំណើនសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរ៍ភាព និងសុខដុមនីយកម្ម។ ក្នុងឱកាសនេះលោករដ្ឋមន្ត្រីប្រចាំការក្រសួងដែនដីនគរូបនីយកម្មសំណង់ និងសូរិយោដី ជូនពរឲ្យលោកទទួលបាននូវជោគជ័យ និងសម្រេចបាននូវស្នាដៃ លទ្ធផល និងសមិទ្ធផលល្អៗ បន្ថែមទៀតក្នុងមុខងារនាទីនេះ នៅកន្លែងថ្មីនាពេលខាងមុខ ដើម្បីបម្រើឲ្យឧត្ដមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ផ្តល់កិច្ចសហការយ៉ាងល្អ ដើម្បីឱ្យការងារដំណើការទៅមុខ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖