ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនយកទៅសួរនាំ បន្ទាប់ពីបើករថយន្តមួយគ្រឿងមកផ្ទះស្ត្រីម្នាក់ជាសង្សារ តែពេលមកដល់ខាងស្រីមិនបើកទ្វារឱ្យចូល ក៏ស្រែកឡូឡាផ្អើលអ្នកជិតខាង និងបង្កជម្លោះព្រមទាំងប្រើហិង្សាទៅលេីប្អូនប្រុសខាងស្រីបណ្តាលឱ្យរងរបួសប៉ោងមុខ កាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី ២៥ខែមករាឆ្នាំ ២០២៣ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិ ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនបង្កខាងលេីមានឈ្មោះ ឈួន ណារ៉ុង ភេទប្រុស អាយុជាង៥០ឆ្នាំ មុខរបរធ្វើការនៅក្រសួងអប់រំយុវជននិងកីឡា។ ចំណែកជនរងគ្រោះមានឈ្មោះហេង បូរិ ភេទប្រុស អាយុ៣៩ឆ្នាំ។
បេីតាមសម្ដីស្ត្រីដែលត្រូវជាសង្សារបុរសខាងលើនោះបានប្រាប់ឱ្យដឹងថា រូបគាត់និងបុរសរូបនោះធ្លាប់មានទំនាក់ទំនងស្នេហាក្លាយសង្សារជាមួយគ្នារយៈពេលមួយឆ្នាំកន្លងមកហើយ តែមួយរយ:ពេលចុងក្រោយនេះ រូបគាត់បានផ្ដាច់ទំនាក់ទំនងស្នេហានឹងគ្នា ប៉ុន្តែខាងប្រុសចេះតែមករកគាត់ តែរូបគាត់មិនចង់ជួបនិងបានគេចវេះពីបុរសខាងលើនេះរហូត ដោយមិនចង់ជួបឡើយ ។ លុះមកដល់ថ្ងៃកើតហេតុនេះស្រាប់តែបុរសខាងលើបានបើករថយន្តមួយគ្រឿងមកដល់ផ្ទះរបស់គាត់ ហើយក៏បានគោះទ្វារស្រែកហៅគាត់ឱ្យបើកទ្វារឱ្យ តែរូបគាត់មិនបើកឱ្យចូលទេ ស្រាប់តែបុរសខាងលើនោះបានស្រែកឡូឡាផ្អើលអ្នកជិតខាង ពេលនោះរូបគាត់ឃើញសភាពមិនស្រួលក៏បានខលហៅប្អូនប្រុសគាត់ឱ្យមកជួយមើលផង ខណៈប្អូនប្រុសគាត់មកដល់ក៏បានប៉ះទង្គិចសម្ដីជាមួយបុរសខាងលើកើតជាហិង្សាវាយទៅលើប្អូនប្រុសរបស់គាត់មួយដៃបណ្ដាលឱ្យហើមប៉ោងមុខម្ខាង ទើបបង្កឲ្យមានការភ្ញាក់ផ្អើល រួចបាននាំគ្នាទំនាក់ទំនងទៅសមត្ថកិច្ចភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកដល់បានធ្វើការឃាត់ខ្លួនជនបង្កយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីធ្វើការសួរនាំ និងធ្វើកំណត់ហេតុបញ្ជូនបន្តដើម្បីចាត់ការទៅតាមនីតិវិធី។ចំណែកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលទឹកថ្លាដើម្បីឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌ផងដែរ៕
ដោយ ៖ ភារ៉ា ដង្កោ