ព័ត៌មានទាន់ហេតុការណ៍៖

ឈើក្តារប្រភេទក្តារងឿខ្នាតយក្សជិត២០សន្លឹក ដែលឈ្មួញគរទុកធ្វើអាជីវកម្មដឹកជញ្ចូនលក់បន្ត្រូវបានសមត្ថកិច្ចជំនាញបង្ក្រាប

ចែករំលែក៖

ខេត្តសឹ្ទងត្រែង៖ ឈើក្តារងឿខ្នាតយក្សប្រមាណជិត២០សន្លឹក ដែលឈ្មួញលាក់ទុកនៅខាងក្រោយវត្តរំដេង ត្រៀមដឹកយកលក់បន្តត្រូវបានសមត្ថកិច្ចនិងមន្ត្រីជំនាញធ្វើការចុះបង្ក្រាបហើយ តាមបទបញ្ជាលោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត និងលោកអន ចាន់សុជាតិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដឹកនាំដោយលោកហ៊ិន សំអឿន នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចជាប់នឹងមាត់អូររំដេង ស្ថិតក្នុងភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង។ 

   ម្ចាស់ឈើដែលកម្លាំងសមត្ថកិច្ចបង្ក្រាបនោះឈ្មោះ (ញ៉) ជាជនជាតិខ្មែរអ៊ិស្លាម មានស្រុកកំណើតនៅខេត្តត្បូងឃុំ ។ បច្ចុប្បន្ននៅភូមិអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តាល ស្រុកសៀមបូក ខេត្តសឹ្ទងត្រែង បានគំរាមកំហែងតាមទូរស័ព្ទ ថា រកប្តឹងសមត្ថកិច្ចពាក់ព័ន្ធដល់អ្នកណាដែលហ៊ានបង្រ្កាបឈើរបស់គេនោះ។ ឥឡូវនេះត្រូវបានសមត្ថកិច្ចជំនាញចាប់បង្រ្កាបនិងរឹបអូសឈើទាំងអស់នោះយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់រួចរាល់ហើយដែរ ហើយគេរង់ចាំមើលបន្តទៀតថា: តើវាសនាម្ចាស់ឈើនោះទៅជាយ៉ាងណាបន្តទៀត ក្រោយការបង្ក្រាប តើម្ចាស់ឈើប្តឹងសមត្ថកិច្ច ឬសមត្ថកិច្ចប្តឹងម្ចាស់ឈើខាងលើនេះ។

    ជុំវិញរឿងនេះលោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រែឈើស្រុកថាឡាបរិ វ៉ាត់ ខេត្តសឹ្ទងត្រែង បានប្រាប់ភ្នាក់ងារសារព័ត៌មានយើងនារសៀលថ្ងៃទី២៦ ខែមករានេះថា: ការចាប់បង្រ្កាបរឹបអូសឈើក្តារងឿប្រភេទខ្នាតធំជិត២០សន្លឹក ដែលស្ថិតនៅក្នុងភូមិ-ឃុំខាងលើនេះ ដោយលោកបានទទួលបទបញ្ជាពីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសឹ្ទងត្រែង ទើបឈានដល់ការបង្ក្រាបតែម្តង។

    លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខេត្តសឹ្ទងត្រែង បានបញ្ជាក់ថា ការបង្រ្កាបឈើក្តារងឿខាងលើនេះ គឺបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ឃុំចំការលើ និងអាជ្ញាធរភូមិ ព្រមទាំងកម្លាំងសហគមន៍ឈើទាលព្រឹសផងដែរ។

លោកហ៊ុន សំអឿន បានបន្តទៀតថា រីឯឈើប្រភេទក្តារងឿដែលបង្រ្កាបរឹបអូសបានខាងលើនេះមានចំនួន ១៤ សន្លឹក ស្មើនឹង ៤ ,៤៧៩ ម៉ែត្រគូប ជាប្រភេទឈើទាល ជាឈើលេខ២ ហើយឈើក្តារងឿដែលចាប់បង្រ្កាបរឹបអូសបាននោះ បានធ្វើការដឹកជញ្ជូនយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តសឹ្ទងត្រែង។ ពោលគឺទុកពេលឱ្យម្ចាស់ឈើរយ:ពេលមួយខែ បើមិនចូលខ្លួនមកបង់ផាកពិន័យទេ ជំនាញលោកនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ព្រៃឈើជាបន្ត៕

ដោយ៖មាស សុផាត


ចែករំលែក៖