ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគូសបញ្ជាក់ថា យើងត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតឱ្យអស់ពីសមត្ថភាព ពីកម្លាំងកាយចិត្ត និងប្រាជ្ញា ស្មារតីរបស់យើង បន្តរួមគ្នាពង្រឹងសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិរបស់យើង ក្នុងបុព្វហេតុលើកកម្ពស់ជីវភាពរបស់ប្រជាជន និងធ្វើឱ្យសាសនិកគ្រប់ជំនឿសាសនានៅកម្ពុជា កាន់តែមានសុខដុមភាព ប្រសើរឡើងនិងរីកចម្រើនទាំងអស់គ្នា។

ក្នុងពិធីអបអរសាទរខួប១០០ឆ្នាំនៃគ្រិស្តសាសនា «មរតកដំណឹងល្អ ១០០ឆ្នាំ (១៩២៣-២០២៣)» នៅកម្ពុជា ដែលពិធីនេះ ត្រូវរៀបចំធ្វើឡើង នៅបរិវេណមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណដើម្បីចូលរួមកសាងប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនក្រោមម្លប់សន្តិភាព។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវការជានិច្ចនូវការចូលរួមចំណែក ទាំងស្មារតី សម្ភារៈ និងបញ្ញាញាណពីសំណាក់ ព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រីជាថ្នាក់ដឹកនាំ និងបរិស័ទនៃគ្រិស្តសាសនា ក៏ដូចជាប្រជាជនទូទៅ រួមគ្នាកសាងប្រទេសយើងឱ្យក្លាយទៅជាប្រទេសមួយគ្មានអំពើហិង្សា គ្មានការរំលោភសិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់មនុស្ស ជាប្រទេសមួយដែលមានប្រជាជនប្រកបដោយចំណេះដឹងជ្រៅជ្រះ មានសាមគ្គីធម៌ និងជាប្រទេសដែលសម្បូររុងរឿង បន្តនូវអរិយធម៌ដ៏ខ្ពង់ខ្ពស់ក្រោមម្លប់សន្តិភាពជានិរន្តរ៍។ 

សម្តេចតេជោបានមានប្រសាសន៍ថា ការជួបជុំគ្នានៅព្រឹកថ្ងៃនេះ គឺជាជំនួបលើកទី៥ហើយ រវាងសម្តេច និងគ្រិស្តបរិស័ទ ដែលកន្លងមកតែងតែមានការជួបជាប្រចាំឆ្នាំ ក៏ប៉ុន្តែត្រូវបានអាក់ខានរយៈពេល៣ឆ្នាំកន្លងមកនេះដោយសារកូវីដ១៩ ។ 

សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា ពិធីអបអរសាទរខួប១០០ឆ្នាំនៃវត្តមានគ្រិស្តសាសនានៅកម្ពុជា គឺជាការអរគុណដល់ព្រះយេស៊ូ។ ការជួបជុំអបអរសាទរនេះ១០០ឆ្នាំនេះ ក៏ជាការបង្ហាញឱ្យពីការរីកចម្រើនលើផ្នែកជំនឿសាសនានៅកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា គ្រិស្តបរិស័ទបានចូលរួមចំណែកយ៉ាងសំខាន់លើកិច្ចការសង្គមនៅកម្ពុជា ដូចជាបញ្ហាសង្គមការអភិវឌ្ឍន៍ធនធានមនុស្សវិស័យមនុស្សធម៌ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ដើម្បីបុព្វហេតុជាតិ និងប្រជាជន រាជរដ្ឋាភិបាល បានគាំពារគ្រប់សាសនាទាំងអស់នៅកម្ពុជា ហើយបានផ្តល់សិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់គ្រប់សាសនា ទាំងអស់ដែលបាននឹងកំពុងមានវត្តមាននៅលើទឹកដីកម្ពុជា។កម្ពុជាមានមោទនភាពចំពោះប្រជាពលរដ្ឋ ទោះបីមានជំនឿសាសនាខុសគ្នា តែបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តមិនមានជម្លោះសាសនាអ្វីឡើយ។

សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់គ្រិស្តបរិស័ទទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាថែរក្សាសុខសន្តិភាព និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមកនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃជ័យជម្នះ៧មករា មិនត្រឹមតែជួយឱ្យជីវិតពលរដ្ឋខ្មែរបានរស់ឡើងវិញប៉ុណ្ណោះទេ តែក៏បានជួយឱ្យសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជារស់ឡើងវិញផងដែរ៕

ដោយ ៖ សិលា


ចែករំលែក៖