ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បើកបរម៉ូតូរេចង្កូតទៅបុកបង្គោលស្លាកសញ្ញានៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

     ខេត្តបាត់ដំបង៖ បើតាមរបាយការណ៍របស់មន្ត្រីសមត្តកិច្ចជំនាញស្រុកភ្នំព្រឹកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៦និង៥០នាទីមានករណីគ្រោះចរាចរណ៍ដោយម៉ូតូ១គ្រឿងបើករេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញានៅលើចិញ្ចើមផ្លូវបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ ករណីនេះកើតឡើងនៅក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    មន្ត្រីសមត្តកិច្ចជំនាញចរាចរណ៍ស្រុកភ្នំព្រឹកបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយខ្លួនឯង ,ម៉ូតូស្ត្រីដែលគ្រោះថ្នាក់នោះ ម៉ាកហុងដាឌ្រឹម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4346  ម្ចាស់ឈ្មោះ ចន ស៊ីម ភេទ ស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ស្លាប់) ។

    បើតាមប្រភពពីកន្លែងកើតហេតុ មុនកើតហេតុគេបានឃើញស្ត្រីម្នាក់បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកបង្គោលសញ្ញានៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យស្លាប់តែម្តង។

    ក្រោយពីកើតហេតុភ្លាមៗសមត្តកិច្ចជំនាញនៃអធិការដ្ឋានស្រុកភ្នំព្រឹកក៏បានចុះមកវាស់វែង។ បន្ទាប់មកកម្លាំងសមត្តកិច្ចជំនាញបានយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក។

    ចំណែកសពស្ត្រីរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចជំនាញប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ ស សារ៉េត


ចែករំលែក៖