ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទេសចរណ៍ ៖ យន្តហោះមកពីចិនចុះចតនៅខេត្តព្រះសីហនុលើកដំបូង នាំភ្ញៀវទេសចរចិនជាង១០០នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា, បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។

ក្រសួងទេសចរណ៍បន្តថា, អ្នកដំណើរនិងភ្ញៀវទេសចរចិនទាំង១០៤នាក់នេះ គឺធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិគួនមីង ខេត្តយូណាន ប្រទេសចិន ដោយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកងកេង នាវេលាម៉ោង៩៖៤៥នាទី។ យន្តហោះរបស់ក្រុមហ៊ុន Ruili Airline។

ក្នុងដំណើរចុះចតនៅខេត្តព្រះសីហនុលើកដំបូងនេះដែរ ភ្ញៀវទេសចរចិន និងក្រុមអ្នកបម្រើការលើយន្តហោះ ក៏ទទួលបានការស្វាគមន៍ពីសំណាក់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងអាជ្ញាធរខេត្តព្រះសីហនុជាដើម ដោយមានរបាំឆៃយ៉ាំសម្រាប់ទទួលបដិសណ្ឋារកិច្ច រួមជាមួយការបំពាក់ក្រមាខ្មែរ និងជូនបាច់ផ្កាផងដែរ។

លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរមកពីប្រទេសចិន នៅអាកាសយានដ្ឋានព្រះសីហនុលើកដំបូងនោះ កម្ពុជាក៏មានរៀបចំបដាស្វាគមន៍ និងបានផ្សព្វផ្សាយពីការត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរមកពីចិន និងមកពីជុំវិញពិភពលោក។

លោកបានបន្តថា មិនមានវិធានការបង្ការ ឬការធ្វើតេស្តរកមេរោគកូវីដ១៩ចំពោះភ្ញៀវទេសចរចិនទាំងនោះឡើយ ពោលគឺពួកគេអាចធ្វើដំណើរកម្សាន្តដោយសេរីនៅខេត្តព្រះសីហនុ និងនៅទូទាំងប្រទេសកម្ពុជា។

លោក ហោ សារុន បានបន្តទៀតថា «បន្ទាប់ពីខេត្តព្រះសីហនុនេះហើយ យើងនឹងរៀបចំការទទួលបដិសណ្ឋារកិច្ចចំពោះទេសចរមកពីប្រទេសចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាបបន្តទៀត»។

គួរជម្រាបថា ចាប់តាំងពីប្រទេសចិនបានកែលម្អវិធានការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩ បានល្អប្រសើរឡើងវិញនោះមក រដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនអាចធ្វើដំណើទៅក្រៅប្រទេសបានឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣កន្លងមក៕

ដោយ ៖ សិលា


ចែករំលែក៖