ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសសង្កត់ធ្ងន់ថា “អ្នករាយការណ៍ព័ត៌មានគួរធ្វើការ ដោយផ្អែកលើអង្គហេតុពិត និងស្ថិតិ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទ»។ នេះបេីយោងតាមប្រភពព័ត៍មានពីសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននៅព្រឹកថ្ងៃសៅរ៍ទី២៨ ខែមករា ឆ្នាំ២០២៣។
ជាក់ស្ដែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួង បានបញ្ជាក់ថា អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មានការខកចិត្ត និងសូមច្រានចោលអត្ថបទដែល បង្កឱ្យមានការភាន់ច្រឡំរបស់វិទ្យុបរទេសមួយផ្សាយជាខេមរភាសា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដែលផ្សាយផ្អែកទាំងស្រុងលើប្រភពព័ត៌មានមិនបានផ្ទៀងផ្ទាត់ ក្នុងគោលបំណងបំភ្លឺទាំងស្រុងនូវ ការងារដ៏សំខាន់របស់ស្ថានទូតកម្ពុជា នៅបរទេស។
ទី១. ការផ្សព្វផ្សាយថា ស្ថានតំណាងកម្ពុជា ធ្វើការដោយមាននិន្នាការនយោបាយ និងមិន មានការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់កម្មករ គឺធ្វើឡើងដោយគ្មានមូលដ្ឋាន មានភាព លម្អៀង និងមានការរើសអើង។ ការពិតគឺ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ខិតខំបំពេញការងារ ដោយមិនខ្លាចនឿយហត់ ក្នុងការជួយគាំពារ និងជួយឧបត្ថម្ភពលរដ្ឋកម្ពុជានៅក្រៅប្រទេស ដោយ អនុលោមតាមច្បាប់ និងមិនគិតពីនិន្នាការនយោបាយទេ។
ក្នុងស្ថានភាពរីករាលដាលធ្ងន់ធ្ងរនៃជំងឺរាតត្បាតកូវីដ-១៩ក្នុងឆ្នាំ២០២០ ស្ថានតំណាងកម្ពុជា នៅបរទេស បានសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរប្រមាណ ២.៩០០ នាក់ និង បានផ្តល់ដោយគ្មានការរើសអើង នូវជំនួយរដ្ឋបាល កុងស៊ុល និងសម្ភារៈជូនពលករនិងនិស្សិតខ្មែរ សរុប ជាង ២៦.០០០ នាក់ នៅតាមប្រទេសផ្សេងៗជាច្រើន ។
វិទ្យុខាងលើហាក់ភ្លេចនូវសេចក្តីរាយការណ៍ក្នុងឆ្នាំ២០១៩របស់ខ្លួន ដែលថ្លែងថា ពលករ ខ្មែរម្នាក់បានទទួលឯកសារកុងស៊ុលពីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅវេលាម៉ោង ១០ យប់។ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានសម្របសម្រួលជាមួយមន្ទីរ ពេទ្យនានា ធ្វើការលើកលែងអនុគ្រោះថ្លៃព្យាបាលជំងឺ ក្រោមហេតុផលមនុស្សធម៌ ជូនដល់អ្នកជំងឺខ្មែរ ដែលគ្មានលទ្ធភាពបង់ប្រាក់ បានចំនួន ២៣ ករណី។ នេះគ្រាន់តែជាឧទាហរណ៍មួយ ដែលបាន ជ្រើសរើសចេញពីស្ថានទូតកម្ពុជាមួយ ក្នុងចំណោមស្ថានតំណាងកម្ពុជានៅបរទេស ប៉ុណ្ណោះ។
ទី២ ការចោទប្រកាន់ថាមន្ត្រីស្ថានទូតមួយចំនួន បានជំរិតទារប្រាក់ពីការផ្តល់សេវាកុងស៊ុល គឺធ្វើឡើងដោយគ្មានមូលដ្ឋានប្រាកដ។ ការពិតគឺ តាមការណែនាំដ៏ម៉ឺងម៉ាត់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រប់ស្ថានតំណាងកម្ពុជាទាំងអស់ បានលុបបំបាត់ការឆ្លៀតឱកាស ផ្តល់សេវារបស់ភាគីទីបី លើកទឹកចិត្តដល់ពលករឱ្យដាក់សំណើដោយផ្ទាល់ និងពន្លឿនការផ្តល់សេវា។ ជាក់ស្តែង ស្ថានទូតកម្ពុជានៅទីក្រុងបាងកក បានចេញឯកសារកុងស៊ុលនៅថ្ងៃដដែល បន្ទាប់ពី ទទួលបានឯកសារសំណើ។
ជាទីបញ្ចប់ អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុខាងលើ គួរធ្វើការដោយផ្អែកលើអង្គហេតុពិត និងស្ថិតិគ្រប់គ្រាន់ មិនមែនផ្អែកលើពាក្យចចាមអារ៉ាម និងព័ត៌មានបំភាន់ទេ ប្រសិនបើមានបំណង អះអាងថា ខ្លួនធ្វើការប្រកបដោយវិជ្ជាជីវៈ៕
ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ៖
ដោយ៖សហការី