ខេត្តកណ្ដាល៖ បុរសចំណាស់ម្នាក់ពុំដឹងមានរឿងហេតុអ្វីឡើងលើខ្លោងទ្វារវត្ត បណ្ដាលឲ្យធ្លាក់ស្លាប់បាត់បង់ជីវិត ចំណុចខ្លោងទ្វារវត្តវិហារត្រាញ់ ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល វេលាម៉ោង១៤និង១៥នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។
មន្រ្តីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែម អឺក (ហៅគ) ភេទប្រុស អាយុ៦៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបោសសម្អាតក្នុងវត្ត មានទីលំនៅ ភូមិព្រែកតាថុក ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់លោកចៅអធិការវត្តព្រះនាម ឯក វណ្ណារ៉ា ព្រះជន្ម ៤៣ឆ្នាំ បានឧ្យដឹងថានៅវេលាម៉ោង ប្រហែលជាង១២ថ្ងៃត្រង់ជនរងគ្រោះបានបោសសម្អាតក្នុងវត្ត ពេលនោះព្រះអង្គបានមានសង្ឍដិការថាមិនឱ្យធ្វេីការពេលថ្ងៃត្រង់ទេ ហើយព្រះអង្គចូលសឹងទៅ លុះដល់ម៉ោងកើតហេតុខាងលើមានឈ្មោះ អាំង ស៊ីនួន ភេទស្រីបានទូរស័ព្ទប្រាប់ព្រះអង្គថាឈ្មោះ កែម អឺក ហៅគ បានធ្លាក់ពីលើខ្លោងទ្វារវត្ត។
ក្រោយពីទទួលបានព័ត៌មានខាងលើរួច កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ រួចសន្និដ្ឋានថា សាកសពស្លាប់ដោយសារ ធ្លាក់ពីលេីខ្លោងទ្វារវត្ត និងប៉ះទង្គិចផ្នែកក្បាលធ្ងន់ធ្ងរ។ក្រោយពីពិនិត្យរួច សាកសព បានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាង ជ័យ