ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ ទំនងជាស្រវឹងស្រាបើករថយន្តបុកឡំប្រឺតាពីក្រោយក្រឡាប់បណ្ដាលឱ្យបុរសម្នាក់រងរបួសបាក់ឆ្អឹងដងកាំបិត

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ បើករថយន្តឡិចស៊ីស470​ មានស្ត្រីម្នាក់រួមដំណើរជាមួយ បានជ្រុលទៅបុកឡំប្រឺតាពីក្រោយជិះដោយប្ដីប្រពន្ធនិងកូនតូច បណ្ដាលឱ្យក្រឡាប់ផ្ងារជើងម្ខាងរងរបួសប្ដីបាក់ឆ្អឹងដងកាំបិត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៥០នាទីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវ ២៧១ខាងជើងស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រពភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់រួមនឹងស្ត្រីជាប្រពន្ធនិងកូនតូច បើកឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2HR-2985 ធ្វើដំណើរពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានបុរសម្នាក់សង្ស័យជាមន្ត្រីនគរបាលពាក់ស័ក្តិ៥ ទំនងជាស្រវឹងស្រាបើករថយន្ត ឡិចសុីសLx470 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AR-2578​ មានស្ត្រីម្នាក់រួមដំណើរជាមួយ ដោយធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកឡំប្រឺតាពីក្រោយចំចំហៀងខាងឆ្វេងពេញទំហឹងបណ្ដាលឱ្យឡំប្រឺតាក្រឡាប់ផ្ងារជើងម្ខាង និងរងរបួសប្ដីបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ចំណែកប្រពន្ធនិងកូនរងរបួសស្រាល។ ភ្លាមៗនោះរថយន្តបង្កមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់រាប់រយម៉ែត្រ ជិតដល់ស្តុបណូគា ទើបប្រជាពលរដ្ឋដេញឃាត់ជាប់។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ដោយអ្នកបើកបររថយន្តបង្គមិនចង់សហការជាមួយសមត្ថកិច្ចទេ គឺចង់បើករថយន្តបន្តទៅមុខទៀត ទើបសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញខណ្ឌ បានចុះមកដល់ និងមានតំណាងខាងភាគីរថយន្តនិងតំណាងភាគីខាងឡំប្រឺតា បានមកដល់កន្លែងកើតហេតុ ហើយបានធ្វើការសម្រស់សម្រួលគ្នាអស់រយៈពេលជិត២ម៉ោង នៅមិនត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តនិងឡំប្រឺតាទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាបន្តនៅពេលក្រោយ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖