ព័ត៌មានទាន់ហេតុការណ៍៖

មន្ទីរពេទ្យកាល់ម៉ែត #calmettehospital : ការវះកាត់ធ្មេញថ្គាមទាល់ខាងក្រោម!

ចែករំលែក៖

ភ្នំពេញ ៖ ធ្មេញថ្គាមទាល់ ឬធ្មេញថ្គាមធំទី៣ ជាធ្មេញដែលដុះក្រោយគេ ស្ថិតនៅក្នុងចន្លោះអាយុពី១៨ ទៅ២០ឆ្នាំ។ ធ្មេញថ្គាមទាល់មានចំនួន៤ គឺខាងលើ២ និងខាងក្រោម២ ហើយជាញឹកញាប់ យើងសង្កេតឃើញថា ធ្មេញថ្គាមទាល់ខាងក្រោមភាគច្រើនដុះផ្អៀង ឬកប់មួយផ្នែក ឬកប់ទាំងមូលនៅក្នុងឆ្អឹង ដែលប្រឈមនឹងការវះកាត់យកចេញ។

១)ហេតុអ្វីត្រូវធ្វើការវះកាត់ថ្គាមទាល់?

តាមរយៈ NICE guideline (National Institute For Health and Clinical Excellence) ការវះកាត់ថ្គាមទាល់ធ្វើឡើងក្នុងករណីដូចខាងក្រោម៖

   – ការរលាកអញ្ចាញ ឬហើមសាច់ដែលគ្របលើធ្មេញថ្គាមទាល់ញឹកញាប់

   – ធ្មេញថ្គាមទាល់ដែលពុកផុយមិនអាចប៉ះបាន

   – ធ្មេញថ្គាមទាល់ដែលបង្ករោគនៅចុងរឹសធ្មេញ

   – ធ្មេញថ្គាមទាល់ដែលធ្វើអោយថ្គាមធំទី២ពុក ឬបង្កជំងឺរលាកជាលិការជុំវិញធ្មេញដែលមានជំរៅលើសពី ៥ម.ម

   – ធ្មេញថ្គាមទាល់ដែលបង្កជាគីសធ្មេញ ឬដុំសាច់ផ្សេងៗ

   – មុនពេលពត់តម្រង់ធ្មេញ ឬវះកាត់កែរតម្រូវឆ្អឹងថ្គាម

   – ធ្មេញថ្គាមទាល់ដែលស្ថិតនៅតំបន់ឆ្អឹងបាក់បែក

   – ការវះកាត់ថ្គាមទាល់ចេញមុនពេលអ្នកជំងឺព្យាបាលសុខភាពមួយចំនួនដូចជាៈ

     + មុនពេលបាញ់កាំរស្មីដើម្បីព្យាបាលជំងឺមហារីកតំបន់ក និងក្បាល

     + មុនពេលវះកាត់ផ្លាស់ប្តូរសរីរាង្គ

     + មុនពេលព្យាបាលដោយថ្នាំគីមី

     + មុនពេលការព្យាបាលដោយថ្នាំ Biphosphonate

២) តើត្រូវធ្វើដូចម្តេចដើម្បីទទួលបានការវះកាត់ថ្គាមទាល់អោយមានសុវត្ថិភាព?

ត្រូវធ្វើការប្រឹក្សាជាមួយទន្តបណ្ឌិតដែលមានជំនាញច្បាស់ ព្រោះគ្រូពេទ្យធ្មេញអាចធ្វើរោគវិនិច្ឆ័យ និងការព្យាបាលទៅតាមស្ថានភាពអ្នកជំងឺដោយពឹងផ្អែកលើ

   – ការដឹងពីប្រវត្តិសុខភាពទូទៅរបស់អ្នកជំងឺ

   – ការពិនិត្យលើសុខភាពមាត់ធ្មេញទូទៅ

   – ការពិនិត្យក្រៅមាត់ លើផ្ទៃមុខ

   – ការពិនិត្យក្នុងមាត់

   – ការថតឆ្លុះជាមួយបច្ចេកវិទ្យាទំនើប ដូចជា Panoramic X-ray, CBCT ឬ CT Scan ជាដើម ក្នុងករណីស្មុគស្មាញ

   – បច្ចេកទេសក្នុងការវះកាត់ដ៏ត្រឹមត្រូវ និងឧបករណ៍មានអនាម័យ

   – ការប្រើប្រាស់ថ្នាំក្រោយការវះកាត់

   – ការគ្រប់គ្រងផលវិបាកផ្សេងៗ មុន កំឡុងពេល និងក្រោយការវះកាត់

៣) តើពេលណាគួរតែធ្វើការវះកាត់ថ្គាមទាល់?

ជាទូទៅ ប្រសិនបើទន្តបណ្ឌិតពិនិត្យឃើញថា ធ្មេញថ្គាមទាល់ត្រូវការវះកាត់យកចេញ ពេលវេលាដ៏សាកសមបំផុត គឺពេលអ្នកជំងឺនៅវ័យក្មេង ព្រោះថា

   – ងាយស្រួលយកចេញ ព្រោះមនុស្សចាស់មានកំហាប់ឆ្អឹងក្រាស់

   – ឆាប់ជាសះស្បើយ និងជួបនូវគុណវិបត្តិតិចតួច

   – ដើម្បីជៀសវាងផលវិបាកផ្សេងៗ បង្កឡើងដោយថ្គាមទាល់

៤) តើក្រោយការវះកាត់ថ្គាមទាល់ មានផលវិបាកអ្វីខ្លះ?

   – ការរលាកឆ្អឹង

   – ការហូរឈាម

   – ការបង្ករោគ

   – ភាពជាំលើសាច់ថ្ពាល់

   – ការស្ពឹកតំបន់វះកាត់ និងបបូរមាត់

   – ការបែកបាក់ឆ្អឹងថ្គាម

** បញ្ជាក់ៈ ផលវិបាកទាំងនេះ មានតិចតួចប៉ុណ្ណោះ ហើយយើងអាចជៀសវាង និងការពារបាន បើយើងធ្វើតាមបច្ចេកទេសត្រឹមត្រូវ។

៥) តើក្នុងករណីអ្នកជំងឺមានការភ័យខ្លាចខ្លាំង តើគួរធ្វើដូចម្តេច?

ជាមួយបច្ចេកទេសរីកចម្រើន យើងអាចធ្វើការដាក់ថ្នាំសណ្តំ (អោយដឹងខ្លួន ឬមិនអោយដឹងខ្លួន) មុនពេលវះកាត់ ហើយអាចយកធ្មេញថ្គាមទាល់ចេញទាំងអស់ (៤ធ្មេញ) ក្នុងពេលតែមួយបាន ក្នុងពេលវះកាត់តែមួយលើក។

«សូមមេត្តាមកជួបក្រុមទន្តបណ្ឌិតជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានប្រឹក្សា និងពិភាក្សាអំពីជម្រើសនៃការព្យាបាលស្របទៅតាមស្ថានភាពអ្នកជំងឺម្នាក់ៗ។»៕

ដោយ ៖ សហការី


ចែករំលែក៖