កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាយុ៣៦ឆ្នាំ គឺលោកស្រី Paetongtarn Shinawatra ចង់ដើរតាមគន្លងរបស់ឪពុកនាង ហើយមានទំនុកចិត្តថាគណបក្សភឿថៃនឹងទទួលជ័យជម្នះលើសលប់ ក្នុងការបោះឆ្នោតនាពេលខាងមុខ។
ទីភ្នាក់ងារព័ត៌មាន Bloomberg កាលពីថ្ងៃទី២៩ ខែមករា បានដកស្រង់សម្តីលោកស្រី Paetongtarn ដែលនិយាយថា លោកស្រីមានទំនុកចិត្តចំពោះជ័យជម្នះដ៏លើសលប់របស់គណបក្សភឿថៃ តាមរយៈការអនុវត្តគោលនយោបាយដើម្បីសម្រាលបន្ទុកលើអ្នកបោះឆ្នោត។
កូនស្រីអាយុ ៣៦ ឆ្នាំរបស់លោកថាក់ស៊ីន ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាបេក្ខជនដ៏មានសក្ដានុពលកំពូលសម្រាប់តំណែងនាយករដ្ឋមន្ត្រីដោយគណបក្សភឿថៃ ។ លោកស្រី Paetongtarn បាននិយាយថា នាងត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយក្នុងចំណោមបេក្ខភាពនាយករដ្ឋមន្ត្រីទាំងបីរបស់គណបក្សនេះ។
លោកស្រី Paetongtarn បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ពេលកំពុងធ្វើយុទ្ធនាការនៅខេត្ត Nong Khai ភាគឦសានប្រទេសថៃកាលពីថ្ងៃទី ២៩ ខែមករាថា “បច្ចុប្បន្នត្រូវតែមានគោលនយោបាយកាន់តែប្រសើរឡើង ហើយប្រជាជនត្រូវមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ គណបក្សរបស់យើងត្រៀមខ្លួនរួចជាស្រេចហើយអាចជួយប្រជាជនបាន”។
បើតាមលោកស្រី Paetongtarn ការមិនពេញចិត្តរបស់ប្រជាពលរដ្ឋកើតចេញពីតម្លៃជីវភាពខ្ពស់ និងបំណុលគ្រួសារ។ នេះត្រូវបានគេរំពឹងថានឹងជំរុញឱ្យគណបក្សភឿថៃឡើងកាន់អំណាចវិញបន្ទាប់ពីប្រាំបីឆ្នាំ។
ការស្ទាបស្ទង់មតិបង្ហាញថា ភឿថៃ ជាគណបក្សទំនងជាឈ្នះអាសនៈច្រើនជាងគេក្នុងការបោះឆ្នោតបន្ទាប់៕
ដោយ៖ ធីរីណា(រូបថត៖ Instagram)