ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តលឿនជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តយ៉ាងលឿនបានរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្ត រងការខូចខាតផ្នែកខាងមុខ សំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ និង២០នាទីយប់ថ្ងៃទី២៩ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្តុបបូកគោ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង។

ប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើមាកLexusRX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9993 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងមកទៅត្បូង យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងស្ដាំដៃជ្រុលបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី៣ បានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកធ្វើកំណត់ហេតុ ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖