ខេត្តកំពង់ស្ពឺ ៖ រថយន្តស៊េរីទំនើបមួយគ្រឿងដែលចតទុកនៅមុខផ្ទះ ត្រូវបានមន្ត្រីគយនិងរដ្ឋាករសាខាខេត្តកំពង់ស្ពឺរឹបអូស ក្រោយពិនិត្យឃើញថាមិនមានពន្ធនាំចូល។
ការរឹបអូសនេះធ្វើឡើងនៅម៉ោង៨និង២០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចមុខផ្ទះក្នុងភូមិត្រស់សាលា សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ប្រាក់ សុចិត្រា ប្រធានការិយាល័យត្រួតពិនិត្យនៃសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានឱ្យដឹងថា ដោយ មានការសង្ស័យលើរថយន្ត១គ្រឿងប្រភេទឡិចស៊ីស ៤០០hបំពាក់ស្លាកលេខ(នប)ដែលចតចោលនៅមុខផ្ទះ កម្លាំងជំនាញបានចុះទៅពិនិត្យនិងសួរនាំរកឯកសារពាក់ព័ន្ធ។ ក្រោយពិនិត្យនិងយោងតាមចម្លើយសារភាពរបស់ម្ចាស់យានយន្ត កម្លាំងជំនាញក៏បាននាំយករថយន្តនោះមកកាន់សាខាគយនិងរដ្ឋាករខេត្តដើម្បីកសាងឯកសារ ឱ្យម្ចាស់ចូលខ្លួនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។
ម្ចាស់រថយន្តឈ្មោះ អ៊ុន សុខុម មានឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោ បម្រើការងារនៅពន្ធនាគារខេត្តកំពង់ស្ពឺ។ ភរិយារបស់លោកបានប្រាប់ថា រថយន្តនេះបានទិញមកជិះច្រើនឆ្នាំហើយ ដោយឃើញវាថោក ហើយស្អាត អាចជិះបំពេញការងារបាន ក៏សម្រេចទិញវាមកជិះតែមិននឹកស្មានថា ត្រូវគយចាប់ដូច្នេះទេ។
តែទោះជាយ៉ាងណា គាត់ថាមិនជំទាស់នឹងការចាប់របស់ក្រុមគយទេ បើគយគិតថារថយន្តគាត់ជិះមិនស្របច្បាប់ គយចាប់ចុះហើយបើឱ្យបង់ពន្ធគាត់គ្មានលទ្ធភាពទេ មួយវិញទៀតបើបង់ពន្ធក៏មិនដឹងបង់ធ្វើអី បើរថយន្តកាត់តជាច្រើនកំណាត់អញ្ចឹងនោះ ៕
ដោយ៖ចន្ទ លីហ្សា