ព័ត៌មានទាន់ហេតុការណ៍៖

ស្ងោរដំឡូងជ្រូកហូបបណ្ដាលឱ្យពុលស្ត្រីម្នាក់ស្លាប់ រីឯ៣នាក់ទៀតមានអាការៈធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកណ្ដាល៖ ស្ត្រីម្នាក់បានជីកដំឡូងជ្រូកនៅឯស្រែយកមកស្ងោរហូបជាមួយក្រុមគ្រួសារមិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានអាការៈមិនស្រួល បានទៅព្យាបាលនៅមន្ទីរពេទ្យ តែដោយសារអាការៈធ្ងន់ធ្ងរពេក ស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត រីឯ៣នាក់ទៀតមានអាការៈធ្ងន់។

    ករណីនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣​ នៅភូមិស្រែរាំង​ ឃុំទំនប់ធំ​ ស្រុកពញាឮ​ ខេត្តកណ្ដាល​ ។

មន្ត្រីនគរបាលស្រុកពញាឮបានឱ្យដឹងថា ស្ត្រីរងគ្រោះស្លាប់ឈ្មោះ លឹម ផល  អាយុ៣៧ឆ្នាំ(ស្លាប់នៅក្នុងមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ) រីឯ៣នាក់មានអាការៈធ្ងន់នោះ ទី១.ឈ្មោះ លឹម ឡាង ភេទស្រី​ អាយុ៦១ឆ្នាំ ត្រូវជាម្តាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ(អាការៈធ្ងន់ធ្ងរ), ទី២.ឈ្មោះ រិន ឡយ ភេទប្រុស​ អាយុ០៧ឆ្នាំ​ ត្រូវជាកូនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ(អាការៈធ្ងន់ធ្ងរ) និងទី៣.ឈ្មោះ រិន ស្រីលីន អាយុ១១ឆ្នាំ ត្រូវជាកូនកំពុងសម្រាកព្យាបាលនៅផ្ទះ​ (អាការៈស្រាល)។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២០ ខែមករា​ ឆ្នាំ២០២៣​ ឈ្មោះ​ លឹម ផល បានទៅជីកដំឡូងជ្រូក​នៅឯវាលស្រែយកមកស្ងោរហូប​។ ក្រោយពីហូបរួចក៏មានអាការៈមិនស្រួលខ្លួន ហេីយ​ក៏នាំគ្នាមកព្យាបាលនៅមន្ទីរពេទ្យក្នុងឃុំភ្នំបាត  តែដោយសារអាការៈមិនបានធូរស្រាលទេីបនាំគ្នាទៅព្យាបាលបន្តនៅមន្ទីរពេទ្យភ្នំពេញ​។ លុះមកថ្ងៃទី៣០​ ខែមករា​ ឆ្នាំ២០២៣​ វេលាម៉ោងប្រហែល១០ព្រឹក​ឈ្មោះ​ លឹម​ ផល​ បានស្លាប់នៅក្នុងមន្ទីរពេទ្យ​រាជធានីភ្នំពេញ។​ ចំណែកសមាជិក០៣នាក់ទៀត​កំពុងសម្រាកព្យាបាលនៅផ្ទះ​និងនៅមន្ទីរពេទ្យភ្នំពេញបន្ត។ 

​   បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានស្ថិតក្នុងភូមិស្រែរាំង​ ឃុំទំនប់ធំ​ ស្រុកពញាឮ​ ខេត្តកណ្តាល៕ 


ដោយ៖ស្អាង ជ័យ


ចែករំលែក៖