ព័ត៌មានទាន់ហេតុការណ៍៖

ករណីអគ្គិភ័យឆេះក្លឹបកម្សាន្តមួយកន្លែង នៅក្រុងព្រះសីហនុ មានមនុស្ស២នាក់បានស្លាប់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងថា ករណីអគ្គិភ័យមួយបានកើតឡើងគឺឆេះក្លឹបកម្សាន្តមួយកន្លែង ម្តុំឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣នេះ មានមនុស្ស២នាក់បានស្លាប់ ។ ហេតុការណ៍នេះ កើតឡើងវេលាម៉ោងជិត៨យប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ក្នុងក្លិបកម្សាន្តមួយកន្លែងឈ្មោះ Julie & Anna Tokyo នៅភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្តព្រះសីហនុ ប្រាប់ឲ្យបណ្តាញ​ព័ត៌មានក្នុងស្រុក ដឹងថា អគ្គិភ័យនេះបណ្តាលមកពីជាងផ្សារដែកនៅក្នុងក្លិប ពេលផ្សារដែក ក៏ឆាបឆេះជាអគ្គិភយ័តែម្តង។ ទោះជាយ៉ាងនេះក្តី ករណីនេះត្រូវបានកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានចុះទៅអន្តរាគមន៍ភ្លាមៗ ដើម្បីបាញ់ទឹកពន្លត់ការពារមិនឲ្យរាលដាលបន្ត។

បើតាមមន្ត្រីនគរបាលក្រុងបញ្ជាក់បន្ថែមថា ជាដំបូងសមត្ថកិច្ចបានជួយសង្គ្រោះជាងផ្សារដែក និងមេការម្នាក់ នៅកន្លែងកើតហេតុ ហើយបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែដោយបញ្ហារបួសធ្ងន់​ជនរងគ្រោះ​ក៏បានស្លាប់ទាំង ២នាក់នៅមន្ទីរពេទ្យ។

ជនរងគ្រោះ​របួស ចំនួន ៣នាក់, ស្លាប់ចំនួន ២នាក់​ មានឈ្មោះដូចខាងក្រោម ៖

១-​ សពឈ្មោះ  ហ៊ន​ ស្រីវ៉េត​ ភេទស្រី​ អាយុ​ ១៨ឆ្នាំ​  មានស្រុកកំណេីត​ ក្រុ​ងព្រះសីហនុ​, មានទីលំនៅបច្ចុប្បន្ន ភូមិ២​ សង្កាត់លេខ​១​ ក្រុង​/ខេត្តព្រះសីហនុ​។ 

២-សព​ឈ្មោះ ភន​  មករា​ ភេទប្រុស​ អាយុ​ ២២ ឆ្នាំមានស្រុកកំណេីតភូមិសំរោងខាងកេីត​ ឃុំ​គោកព្រិច​ ស្រុក​គីរីវង់​ ខេត្ត​តាកែវ, បច្ចុប្បន្នស្នាក់នៅ​ភូមិ​៥​ សង្កាត់​លេខ​៤​ ក្រុង/ខេត្ត​ព្រះសីហនុ​។ 

៣-ជនរងគ្រោះឈ្មោះ​ ណន​ រតនៈ ភេទ​ប្រុស​ អាយុ​២០ឆ្នាំ​  ស្រុកកំណេីត​ ឃុំ​ទូកមាសខាងកេីត​  ស្រុក​បន្ទាយ​មាស​ ខេត្ត​កំពត​, បច្ចុប្បន្នស្នាក់នៅភូមិ៥​ សង្កាត់លេខ៤ ក្រុង​/ខេត្តព្រះសីហនុ​ របួសមធ្យម កំពុងសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)។ 

៤-ជនរងគ្រោះឈ្មោះ​ ប្រាក់​ ​សារ៉ូ​ ភេទ​ស្រី​ អាយុ​ ៣៤ឆ្នាំ​ មុខរបរ​បុគ្គលិក​ មានទីលំនៅ​ក្រុម​១​ ភូមិ២​ សង្កាត់លេខ៣​  ក្រុង​/ខេត្តព្រះសីហនុ​ (រងរបួសស្រាល)។ 

៥-ឈ្មោះ​  ​វង្ស​  សារុំ​ ភេទ​ស្រី​ អាយុ ២៣​ឆ្នាំ​ មុខរបរ​ បុគ្គលិកក្លិប មានទីលំនៅសង្កាត់លេខ៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ (រងរបួសស្រាល)។ 

ម្ចាស់ក្លិបឈ្មោះ ហុង សេង ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ។ ខូចខាត ក្លិប និងសម្ភារៈក្នុងក្លិបត្រូវបានឆេះ ទាំងស្រុង។ មូលហេតុ នៃការឆេះ ដោយសារជាងធ្វើវាំននផ្សារដែក ធ្លាក់កំទេចធូបផ្សាដែកលើអេប៉ុង។

ករណីខាងលើបានចេញរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋានខេត្តព្រះសីហនុចំនួន ២គ្រឿង ប្រើបាស់ទឹកអស់ ២រថយន្ត៕

ដោយ៖ សូរិយា


ចែករំលែក៖