ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី៣១ ខែមករា ឆ្នាំ២០២៣នេះថា៖ មនុស្សស្លាប់២នាក់ និងរបួស៣នាក់ ដោយសារជាងផ្សារដែកផ្សារធ្លាក់កម្ទេចភ្លើងបណ្ដាលឱ្យឆេះក្លិបកម្សាន្ដយីហោ JULIE & ANNA (ទីតាំងតំបន់ក្រោយឧតុនិយម) ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះក្លិបកម្សាន្ដនេះ លោកបានបញ្ជាកម្លាំងជំនាញចេញធ្វើអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឱ្យឆេះរាលដល់អាជីវកម្ម និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។ លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា ក្នុងប្រតិបត្តិការសង្គ្រោះនេះកម្លាំងជំនាញប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន២គ្រឿង អស់ទឹកចំនួន២ឡាន។
តាមការរៀបរាប់របស់អ្នកនៅក្នុងហេតុការណ៍ថា ភ្លើងបានឆេះដោយសារជាងដំឡើងផ្សារដែកដងវាំងនន បណ្តាលឲ្យធ្លាក់កម្ទេចភ្លើងលើអេប៉ុងបិទជញ្ជាំងបង្កឱ្យឆាបឆេះភ្លើងតែម្តង។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា ករណីនេះបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សចំនួន៥នាក់ ស្រី៣នាក់ (ស្លាប់២នាក់ ស្រី១នាក់)ក្នុងនោះរួមមាន៖
*ទី១-ឈ្មោះ ហន ស្រីវេត ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់នៅគ្លីនិកឯកជន888) មុខងារបុគ្គលិកបម្រើភេសជ្ជៈ។
*ទី២-ឈ្មោះ ភន មករា អាយុ២៣ឆ្នាំ (ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក) មុខងារជាងដំឡើងវាំងនន។
*ទី៣៖ ឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ មុខរបរជាងដំឡើងវាំងនន កំពុងសង្រ្គោះនៅមន្ទីពេទ្យចំការចេក។
*ទី៤-ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេការ រងរបួសស្រាល។
*ទី៥-ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ រងរបួសស្រាល។
សូមជម្រាបថា បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្រ្តី២នាក់រងរបួសស្រាលបានចេញទៅសម្រាកនៅផ្ទះវិញ។ ក្រោយហេតុការណ៍ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុបាននាំមនុស្សចំនួន៥នាក់មកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុផងដែរ៕
ដោយ ៖ សូរិយា