ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តយ៉ាងលឿនរេចង្កូតទៅបុកចូលការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស បណ្តាលឱ្យរថយន្តខូចខាតផ្នែកខាងមុខ តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៣ទៀបភ្លឺឈានចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាកford ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BO-5668បើកបរដោយបុរសម្នាក់ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកទម្លុះចូលក្នុងការដ្ឋានដែលកំពុងតែសាងសង់ស្ពានអាកាស បណ្តាលឱ្យរថយន្តបន្តទៅបុកសុីទែនថ្មខូចខាតមួយកំណាត់មុខទាំងស្រុង។ ក្រោយកើតហេតុអ្នកបើកបររថយន្តបានឡើងជិះឡំប្រឺតាគេចខ្លួនពីកន្លែងកើតហេតុបាត់។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចាក់អង្រែលើបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍យចុះមកធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ