ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះភោជនីយដ្ឋានយីហោ«កន្លែងថ្មី» យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យបុរសជាបុគ្គលិកម្នាក់ស្លាប់នៅនឹងកន្លែងនិងរងរបួសធ្ងន់២នាក់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៣នៅចំណុចផ្ទះលេខ៨៨និងផ្ទះលេខ៩០ដែលជាផ្ទះបើក ភោជនីយដ្ឋានយីហោ« កន្លែងថ្មី» ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៣៨ក្រុមទី៣ ភូមិទី២ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ម្ចាស់ហាងដែលត្រូវភ្លើងឆេះឈ្មោះ ហុក ទ្រី ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅផ្ទះលេខ45F បូរីលឹមឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ចំពោះជនរងគ្រោះ ដោយសារតែអគ្គិភ័យនេះភ្លាមៗពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា នៅពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះចេញពីផ្ទះល្វែងលេខ៨៨បើកហាងខាងក្រោមនិងសម្រាប់បុគ្គលិកស្នាក់នៅយ៉ាងសន្ធោសន្ធៅ ហើយឆេះរាល់ដាល់យ៉ាងរហ័សទៅផ្ទះ លេខ៩០ ។
នៅក្នុងហេតុការណ៍នោះ បណ្តាលឱ្យមនុស្សចំនួន៣នាក់ក្នុងចំណោម៤នាក់ដែលនៅក្នុងផ្ទះល្វែង បានជាប់នៅខាងក្នុង។ ភ្លាមៗនោះអាជ្ញាធរនិងសម្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅធ្វើអន្តរាគមន៍បាញ់ពន្លត់។
តាមព័ត៌មានបានឱ្យដឹងថា បុរសម្នាក់ត្រូវភ្លើងឆេះស្លាប់នៅក្នុងផ្ទះ ពេលរត់ចូលទៅក្នុងបន្ទប់ទឹក ហើយស្រ្តីម្នាក់ជាប់នៅ ជាន់លើត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ ដោយរងរបួសធ្ងន់សន្លប់ស្តូកស្តឹង និង បុរសម្នាក់ទៀតបានរត់ចេញទាំងរងរបួសធ្ងន់។លុះក្រោយមកត្រូវបាននគរបាលហៅរថយន្តសាមុយដឹកបញ្ជូន ទៅសង្គ្រោះ។
ទាក់ទិននឹងការកើតមានអគ្គិភ័យនេះ តាមនគរបាលមូលដ្ឋានបានអោយដឹងថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
បើតាមព័ត៌មានខ្លះអះអាងថា បណ្តាលមកពីជាងផ្សារដែកនៅផ្ទះល្វែង ហើយកម្ទេចភ្លើងបានធ្លាក់ឆេះក្លាយជាអគ្គិភ័យ តែម្តង ៕
IMG_2685 IMG_2686 IMG_2687 IMG_2688 IMG_2690 IMG_2692 IMG_2689 IMG_2695
ដោយ ៖ រ៉ារ៉ា