ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចពិជ័យសេនា ជំរុញឱ្យពន្លឿនការសាងសង់ភូមិកីឡាឱ្យបានទាន់ពេលវេលា ខណៈដែលការ ប្រកួតព្រឹត្តកាណ៍ប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅសល់រយៈពេល៩៤ថ្ងៃទៀត

ចែករំលែក៖

ភ្នំពេញ៖ យោងតាមអគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC លោក វ៉ាត់ ចំរើន បញ្ជាក់ថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការ ពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បាន ជំរុញគណៈកម្មការស្នាក់នៅ ហូបចុក និងដឹក ជញ្ជូន ត្រូវតាមដាន និងផ្ដល់យោបល់ជាប្រចាំ ដល់ក្រុមហ៊ុនសាងសង់ភូមិកីឡា ដើម្បីពន្លឿនការសាងសង់រួចរាល់តាមកាលកំណត់ សម្រាប់ត្រៀមទទួលប្រតិភូនិងអត្ត ពលិកប្រមាណ ៧ពាន់នាក់ ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣នៅកម្ពុជា ។

 សម្ដេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ព្រមទាំងប្រតិភូ និងគណៈកម្មការពាក់ព័ន្ធ បានអញ្ជើញត្រួតពិនិត្យទីតាំងជាក់ស្ដែង នៃការសាងសង់ភូមិកីឡា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ ។

លោកវ៉ាត់ ចំរើនបានបន្តថា ក្រោយពិធីរាប់ថយក្រោយ ១០០ថ្ងៃ កាលពីថ្មីៗ នេះគឺជាពេលវេលាត្រូវរន្ថើន និងពន្លឿនគ្រប់ការងារសេសសល់ ពិសេសភូមិកីឡា ដែលត្រូវជំរុញការសាងសង់ឲ្យបានទាន់ពេលវេលា ។ ភូមិកីឡា នឹងត្រូវទទួលប្រតិភូ និងអត្តពលិកយ៉ាងហោច៦ ពាន់នាក់ ឬមួយថ្ងៃអាចយ៉ាងហោចពី ៤ពាន់ ទៅ ៥ពាន់នាក់ត្រូវស្នាក់នៅ និងហូបចុកនៅទីនោះ។ ប៉ុន្ដែបច្ចុប្បន្នទើបដំឡើងបានជាង ១,៨៣០គ្រែ ហើយនៅខែកុម្ភៈ នឹងទទួលបានជាង ២ពាន់គ្រែទៀត និងខែមីនា ដែលជាខែកំណត់ ត្រូវទទួលបានគ្រប់ជាង ៦ពាន់គ្រែ ។

ដោយហេតុនេះ ទើបសម្ដេចពិជ័យសេនា ទៀ បាញ់ បានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងជាក់ស្ដែង ទោះបីមានការផ្ដល់សក្ខីកម្មពីតំណាងក្រុមហ៊ុនសាងសង់ និងមើលឃើញសកម្មភាពនៃការវិឌ្ឍន៍មានភាពល្អប្រសើក៏ដោយ ។ អ្វីដែលជាក្ដីបារម្ភ គឺដំណើរការនៃការវិវឌ្ឍន៍នេះ មានភាពយឺតយ៉ាវ ។ លោកសង្កត់ធ្ងន់ថា «សម្ដេចពិជ័យសេនា បានមានប្រសាសន៍ក្នុងអង្គប្រជុំ ឲ្យគណៈកម្មការជំនាញខាងផ្នែកស្នាក់នៅ ហូបចុក ត្រូវត្រួតពិនិត្យរាល់ថ្ងៃ និងឲ្យយោបល់រាល់ថ្ងៃ ថាតើវាខ្វះអ្វី? បើខ្វះមនុស្ស ត្រូវថែមមនុស្សប៉ុន្មាន?» ។

«ឥលូវនេះ កម្រិតនៃការយកចិត្តទុកដាក់ និងការតាម ដាន និងការជំរុញនេះ ឈានដល់កម្រិតប្រកាសអាសន្ន ដែលសម្ដេចពិជ័យសេនាមានប្រសាសន៍ គឺចូលដល់ប្រកាសអាសន្ន ។ អ៊ីចឹងយើងត្រូវតែរួមគ្នាមកជំរុញការងារឲ្យរួចរាល់ ទាន់ពេលវេលា ។ ប៉ុន្ដែយើងសង្ឃឹមទៅលើការជឿជាក់ ទៅលើក្រុមហ៊ុនដែលបានប្ដេជ្ញាក្នុងការដាក់នូវកម្មវិធីរួចរាល់ នៅត្រឹមថ្ងៃទី៣០ ខែមីនា គឺត្រូវប្រគល់ទាំងអស់មកគណៈកម្មការ CAMSOC ។ សល់ប៉ុន្មានទុកសិន» ។ នេះជាប្រសាសន៍របស់លោក វ៉ាត់ ចំរើន៕

ដោយ៖ សូរិយា


ចែករំលែក៖