ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋជាច្រើនមកពីតាមបណ្តាខេត្តនានាបានលើកឡើងថា ដើម្បីចៀសវាងចំណាកស្រុកទៅប្រទេសថៃ ពួកគាត់នាំគ្នាមកស៉ីឈ្នួលចូលទៅកាប់ចិញ្ច្រាំមើមដំឡូងមីក្នុងខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន ៖ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះប្រជាពលរដ្ឋធ្វើ ដំណើរមកពីតាមបណ្តាខេត្តនានាដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ឆ្នាំងនិងខេត្ត តាកែវ បានចូលមកស៊ីឈ្នួលកាប់ចិញ្ច្រាំ មើមដំឡូងមីនៅក្នុងភូមិប៉ាងរលឹម សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីបានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ខណ:ដែលថៅកែ បានទិញមើមដំឡូងមីពីតាមចម្ការប្រជាពលរដ្ឋយកទៅចាក់គរឱ្យពួកគាត់នាំគ្នាកាប់ចិញ្ច្រាំដាក់ហាលស្ងួត រួចទើបគេប្រមូលលក់ក្នុងតម្លៃខ្ពស់ជាងមើមដំឡូងមីស្រស់តែម្តង។ 

បើតាមការរៀបរាប់ពី ស្រ្តី ឈ្មោះ ណាវី អាយុ៤៥ឆ្នាំនិងឈ្មោះស្រី ស អាយុ៣២ឆ្នាំរស់នៅខេត្តបាត់ដំបងនិង ព្រំ សុភា រស់នៅខេត្តពោធិ៍សាត់  បានរៀបរាប់ឱ្យអ្នកសារព័ត៌មាន ដឹងថា ៖ ក្រោយសម្រាកពីការងារស្រែចម្ការនៅឯស្រុកកំណើតរៀងៗខ្លួន ពួកគាត់បានធ្វើដំណើរចូលមកក្នុងខេត្តប៉ៃលិន ដើម្បីបោះតង់សម្រាក ស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីឱ្យថៅកែនៅក្នុងខេត្តប៉ៃលិន បានថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ 

ប្រភពបន្តទៀតថា÷ការកាប់ចិញ្ច្រាំមើមដំឡូងមីនេះ ក្នុង១កញ្ឆេទទួលបានប្រាក់កម្រៃ១.០០០រៀល ដោយក្នុង១ថ្ងៃៗ ពួកគាត់ដែលកាប់ចិញ្ច្រាំលឿន ទទួលបានថវិកាចាប់ពី៣ទៅ៤ម៉ឺនរៀល អ្នកខ្លះទៀត មានកូនប្រពន្ធ និងប្តី ជួយកាប់ចិញ្ច្រាំគ្នា ក៏បានថវិកា រហូតដល់១ថ្ងៃ ចាប់ពី៨ទៅ៩ម៉ឺនរៀលផងដែរ។ អ្នកខ្លះទៀត ធ្វើការពេលថ្ងៃហើយ រហូតដល់ពេលយប់នាំគ្នាដាក់ភ្លើងអគ្គិសនីបំភ្លឺ កាប់ចិញ្ច្រាំបន្ថែម រហូតដល់យប់ជ្រៅ ទើបនាំគ្នាឈប់សម្រាក ដោយទទួលបានប្រាក់កម្រៃកាន់តែច្រើន ព្រោះពួកគាត់មិនចង់ធ្វើចំណាកស្រុកទៅស៊ីឈ្នួលធ្វើការងារឱ្យគេនៅប្រទេសថៃនោះទេ លំបាកក្នុងការធ្វើដំណើរចេញចូល ត្រូវបង់ថ្លៃលិខិតឆ្លងដែន បើមានបញ្ហាជំងឺរោគាកើតឡើងក៏លំបាកក្នុងការរកពេទ្យព្យាបាល ពិសេសគឺនឹកដល់ផ្ទះសម្បែងផងដែរ។ 

ប្រភពបញ្ជាក់ទៀតថា អ្នកខ្លះចូលមកស៊ីឈ្នួលកាប់ចិញ្ច្រាំមើមដំឡូងមីនេះ អស់រយ:ពេល២ទៅ៣ខែមកហើយ អ្នកខ្លះទៀតតែងចូលមកបោះតង់ ស្នាក់នៅលើដី ដែលថៅកែជួលគេ ដើម្បីនាំគ្នាធ្វើការកាប់ចិញ្ច្រាំមើមដំឡូងមី រហូតដល់ពេលរដូវធ្លាក់ភ្លៀងនាខែខាងមុខ ទើបពួកគាត់នាំគ្នាឈប់សម្រាកត្រឡប់ទៅធ្វើស្រែឯស្រុកកំណើតរបស់ខ្លួនវិញ។

សូមបញ្ជាក់ផងដែរថា តម្លៃទីផ្សារមើមដំឡូងមីពេលនេះ ឡើងថ្លៃខ្ពស់ខ្លាំង ដោយឈ្មួញទិញ១គីឡូក្រាម តម្លៃ៣.៣បាត (ប្រាក់ថៃ) ជាង៣០០រៀល លុះកាប់ចិញ្ច្រាំហាលស្ងួត លក់បាន១គីឡូក្រាម តម្លៃចាប់ពី៧.៥ទៅ៧.៨បាត ជាង៧០០រៀលក្នុង១គីឡូក្រាម ដែលតម្លៃនេះ គេចាត់ទុកថា ឡើងខ្ពស់ ជាងឆ្នាំនានាកន្លងមក ដែលមិនធ្លាប់មានផងដែរ៕

ដោយ ៖ ស សារ៉េត 


ចែករំលែក៖