ខេត្ដស្វាយរៀង៖ ជនជាតិវៀតណាម៥នាក់ដើរលក់ឆ្នោតវៀតណាមត្រូវបានសមត្ថកិច្ចឃាត់ឱ្យធ្វើកិច្ចសន្យាឈប់លក់ក្នុងក្រុងស្វាយរៀង។
ការឃាត់ខ្លួនជនជាតិវៀតណាមឱ្យធ្វើកិច្ចសន្យាឈប់ដើរលក់ឆ្នោតវៀតណាមនេះធ្វើឡើងនៅថ្ងៃទី៣១ ខែមករាឆ្នាំ២០២៣ស្ថិតក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិវៀតណាមលក់ឆ្នោតវៀតណាមនៅក្នុងក្រុងស្វាយរៀងរួចមក ក្រោមការចង្អុលបង្ហាញពីលោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង លោកកែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានចាត់តាំងលោកព្រំ សាមាន អធិការរងដឹកនាំកម្លាំងចុះស្រាវជ្រាវស្វែងរកជនជាតិវៀតណាមដែលលក់ឆ្នោតវៀតណាមទាំងនោះ។ ប្រភពបន្តថា ជាលទ្ធផលនគរបាលបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមលក់ឆ្នោតវៀតណាមចំនួន៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ សន្លឹកឆ្នោតវៀតណាមចំនួន៧៦៣សន្លឹក។
ជនជាតិវៀតណាមទាំង៥នាក់នោះត្រូវបានកម្លាំងជំនាញធ្វើកិច្ចសន្យាមិនអនុញ្ញាតឱ្យលក់បន្តទៀតនោះទេ បើនៅតែបន្តលក់ឆ្នោតទៀតសមត្ថកិច្ចនឹងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន