ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ខណៈពេលបើកម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿង មិនចាំម៉ាកចតស្ងៀមនៅលើចិញ្ចើមផ្លូវ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១យប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ខែកុម្ភៈឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចស្ពានលេខ៣ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទោម ខែ អាយុ២៦ឆ្នាំ មុខរបរផ្នែកធ្វើវាំងនន មានស្រុកកំណើត នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់បានបើកម៉ូតូម៉ាក ស៊ុយហ៊្សូគីនិច ពណ៌ស ពាក់ស្លាកលេខ តាកែវ 1R-1157 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ពុំដឹងថាអ្នកបើកបរមានបញ្ហាអ្វីនោះទេ ស្រាប់តែរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តមួយគ្រឿង មិនចាំម៉ាកដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវទាំងដែលគ្មានដាក់ស្លាកសញ្ញាសម្គាល់ ពេញទំហឹងបណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់នៅនឹងកន្លែង ហើយភ្លាមនោះដែរអ្នកបើករថយន្តក៏បានឡើង ទៅបើករថយន្តបន្តទៅមុខរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតសមត្ថកិច្ចមូលដ្ឋានសង្កាត់ព្រែកលៀប បានចុះមកដល់រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកយកម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា និងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជ្រោយពេជ្រ