ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ាបានដកស្រង់សម្តីប្រធានាធិបតីស្តីទី Myint Swe ដែលបាននិយាយថា “ស្ថានភាពក្នុងគ្រាអាសន្ននឹងត្រូវបន្តរយៈពេល៦ខែទៀត ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកុម្ភៈ”។
ការពន្យារពេលដាក់រដ្ឋក្នុងភាពអាសន្ននឹងបន្តពន្យារពេលដែលអាជ្ញាធរត្រូវរៀបចំការបោះឆ្នោតក្រោមរដ្ឋធម្មនុញ្ញមីយ៉ាន់ម៉ា ដែលដើមឡើយគ្រោងនឹងប្រព្រឹត្តទៅនៅខែសីហាឆ្នាំ២០២៣។ យោងតាមទូរទស្សន៍ MRTV បាននិយាយថានៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិនៅថ្ងៃទី១ខែកុម្ភៈ ឧត្តមសេនីយ៍ Min Aung Hlaing មេដឹកនាំកងទ័ពមីយ៉ាន់ម៉ាបានទទួលស្គាល់ថា ជាងមួយភាគបីនៃទីក្រុងនិងទីប្រជុំជនរបស់ប្រទេសបច្ចុប្បន្នមិនស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញនៃរបបយោធានោះឡើយ។
លោក Min Aung Hlaing បាននិយាយថា ទោះបីជាការដើរដង្ហែតាមដងផ្លូវបានបញ្ចប់ក៏ដោយ ក៏ «អំពើហិង្សានៅតែមាន»។ លោកបានចោទក្រុមប្រឆាំងរបបយោធាថាបានរារាំងផែនការបោះឆ្នោត ហើយបាននិយាយថា «ការបោះឆ្នោតពហុបក្សគួរតែធ្វើឡើងស្របតាមឆន្ទៈរបស់ប្រជាជន»។
ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាក្រោមការដឹកនាំរបស់លោក Min Aung Hlaing បានធ្វើរដ្ឋប្រហារ ផ្តួលរំលំរដ្ឋាភិបាលស៊ីវិល និងបានចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi និងមន្ត្រីគណបក្សរបស់លោកស្រីកាលពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២១។
ការអត្ថាធិប្បាយចុងក្រោយបង្អស់របស់ថ្នាក់ដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ាបានកើតឡើងចំពេលគម្រប់ខួបពីរឆ្នាំនៃរដ្ឋប្រហារ ដោយមានការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល និងក្រុមឧទ្ទាមដែលកំពុងបន្តនៅទូទាំងប្រទេស ដែលធ្វើឱ្យសេដ្ឋកិច្ចចុះខ្សោយ។ សហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងអូស្ត្រាលី មិនទទួលស្គាល់របបយោធានៅមីយ៉ាន់ម៉ាទេ៕
ដោយ៖ ធីរីណា