ព័ត៌មានទាន់ហេតុការណ៍៖

សូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ! ព្រឹទ្ធាចារ្យសិល្បៈចំរៀងរបាំបុរាណ និងមហោរីដ៏ ល្បី ឌួង ម៉ារី ទទួលមរណភាពនៅថ្ងៃទី២ កុម្ភៈ នេះ

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមរំលែកទុក្ខដល់គ្រួសារព្រឹទ្ធាចារ្យសិល្បៈចំរៀងរបាំបុរាណ និងមហោរីដ៏ល្បី អ្នកគ្រូ ឌួង ម៉ារី ដែលទទួលមរណភាព ក្នុងជន្មាយុ ៧៦ឆ្នាំ  ក្រោយធ្លាក់ខ្លួនឈឺជំងឺឆ្អឹងខ្នងធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា, អ្នកគ្រូរបាំមហោរីដ៏ល្បីល្បាញ និង សាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែក ចម្រៀងរបាំបុរាណ បានចែកឋានទៅ បន្ទាប់ពីអ្នកគ្រូបានឈឺមានជំងឺពុកឆ្អឹងយ៉ាងធ្ងន់ មិនអាចដើរបានអំឡុងឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ។ នេះបើយោងតាមផេកបួងសួង Boung Soung បានឱ្យដឹង បន្ទាប់ពីមរណភាព។

ក្រុមអ្នកសិល្បៈ និងបណ្តាអ្នកស្គាល់ពីវីរៈភាពអ្នកគ្រូ បង្ហាញការសោកស្តាយចំពោះការបាត់បង់ធនធានមរតកមនុស្សរស់ផ្នែកសិល្បៈបុរាណ ជាពិសេសអ្នកគ្រូបានលះបង់ជូនសិល្បៈវប្បធម៌ជាតិ មាតុភូមិកម្ពុជាពេញមួយជីវិត។

គួរឱ្យដឹងដែរថា ព្រឹទ្ធាចារ្យ ឌួង ម៉ារី ត្រូវបានគេទទួលស្គាល់ថា ជាមរតកមនុស្សរស់ ផ្នែកវប្បធម៌ជាតិនិង ជាសិល្បករជើងចាស់ផ្នែកចំរៀងរបាំក្បាច់បុរាណនិងវង់ភ្លេងមហោរី។ គុណសម្បត្តិជាច្រើនក្នុងការបំរើសិល្បៈ វប្បធម៌ តាំងពីទស្សវត្សទី៦០ រហូតបច្ចុប្បន្ន ដែលធ្វើឱ្យមនុស្សជាច្រើន មិនអាចភ្លេចបាននូវសំលេងដ៏ ពិរោះ ទោះមិនចាំបាច់ដាក់មេក្រូ ក៏អ្នកគ្រូអាចស្រែកច្រៀងបានឮខ្លាំងនិងពិរោះផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុនសែន ក៏ដូចជាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានយកចិត្តទុកដាក់បំផុត ទៅលើសិល្បករ សិល្បការិនី ព្រឹទ្ធាចារ្យ សាស្ត្រាចារ្យ ។ ក្នុងនោះក៏មានសមាគមសិល្បៈផងដែរ តែងតែបានគិតគូរ ពីសុខទុក្ខរបស់សិល្បករ និងបានជួយឧបត្ថម្ភតាមលទ្ធភាព ក្រោមទិសស្លោកថា(ខ្មែរស្រលាញ់ខ្មែរ) ៕

ដោយ ៖ សហការី


ចែករំលែក៖