កាលពីថ្ងៃទី២ ខែកុម្ភៈ ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសបិទរាល់ការចរចាជាមួយសហរដ្ឋអាមេរិក។ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរបស់ប្រទេសនេះដែលបានបញ្ជាក់ថា “កូរ៉េខាងជើងមិនចាប់អារម្មណ៍លើទំនាក់ទំនង ឬការសន្ទនាជាមួយសហរដ្ឋអាមេរិកទៀតទេ ដោយសារប្រទេសនេះបន្តគោលនយោបាយអរិភាព” ។
សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើសមុទ្រលឿងដែលមានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B និងយន្តហោះចម្បាំងបំបាំងកាយ F-22 និង F-22 F-35B របស់កងទ័ពអាកាសអាមេរិក។ នេះជាសមយុទ្ធផ្លូវអាកាសលើកដំបូងរវាងអាមេរិក នឹងកូរ៉េខាងត្បូងក្នុងឆ្នាំនេះ។
ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សមយុទ្ធនេះបង្ហាញពីសមត្ថភាព និងឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការផ្តល់នូវការទប់ស្កាត់ដ៏រឹងមាំ និងអាចជឿទុកចិត្តបានប្រឆាំងនឹងការគំរាមកំហែងដោយអាវុធបរមាណូនិងមីស៊ីលរបស់កូរ៉េខាងជើង” ។
ទីក្រុងព្យុងយ៉ាងក៏បានព្រមានក្រុងវ៉ាស៊ីនតោនថា ទីក្រុងវ៉ាស៊ីនតោនកំពុងប្រែក្លាយឧបទ្វីបកូរ៉េទៅជា “ឃ្លាំងអាវុធដ៏ធំនិងជាតំបន់សង្គ្រាមដ៏គ្រោះថ្នាក់” ដោយនិយាយថា វានឹងទទួលយក “ការឆ្លើយតបខ្លាំងបំផុត” ។
នៅពេលនេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងនឹងមានការឆ្លើយតបយ៉ាងតឹងរ៉ឹងបំផុតចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយរបស់យោធាអាមេរិកក្រោមគោលការណ៍អាវុធបរមាណូទល់នឹងអាវុធបរមាណូ និងការប្រឈមមុខដាក់គ្នាទាំងស្រុង ប្រសិនបើសហរដ្ឋអាមេរិកបន្តបញ្ជូនអាវុធយុទ្ធសាស្ត្រទៅកាន់ឧបទ្វីបកូរ៉េនិងតំបន់ជុំវិញនោះ ៕ ដោយ៖ ធីរីណា
រូបថត ៖ Yonhap