ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៣នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍រថយន្តធុនធំបុកជាមួយម៉ូតូយ៉ាងពេញទំហឹង

ចែករំលែក៖

ខេត្តក្រចេះ ៖ មនុស្សចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ផងដែរក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងរវាងរថយន្ដធុនធំ បុកជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៍គួរឱ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ២១និង៣០នាទីយប់ ថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ៤០១ -៤០២ ក្រចេះ-ស្ទឹង ត្រែង ស្ថិតនៅភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពពីនគរបាលស្រុកសំបូរបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងរវាងរថយន្ដធុនធំបុកជាមួយម៉ូតូក្នុងទិសដៅបញ្រ្ចាសទិសគ្នា  ដោយភាគីរថយន្តបើកបរពីទិសខាងជើងទៅទិសខាងត្បូង ចំណែកម៉ូតូបើកក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុបានបុកគ្នាពេញទំហឹងតែម្តង បណ្ដាលឱ្យមនុស្សចំនួន

៣នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន។

ជនរងគ្រោះដែលបានបាត់បង់ជីវិតខាងលើទី១-ឈ្មោះ អេត ចន្ធី ភេទប្រុស អាយុ១៧ឆ្នាំ មិនពាក់មួកសុវត្ថិភាពជាអ្នកបេីកបរម៉ូតូ។  ទី២-ឈ្មោះ ឡុំ ពញ ភេទប្រុស អាយុ១៨ឆ្នាំ អ្នករួមដំណេីរមិនពាក់មួកសុវត្ថិភាព និងទី៣-ឈ្មោះ ចិន វុិត  ភេទប្រុស អាយុ១៥ឆ្នាំ អ្នករួមដំណេីរ មិនពាក់មួកសុវត្ថិភាព អ្នកទាំងបីបានស្លាប់នៅនឹងកន្លែងកេីតហេតុភ្លាមៗតែម្តង។  ឯទី៤-ឈ្មោះ ស្រុីន សៅភេទប្រុស អាយុ១៧ឆ្នាំ រងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។

ជនរងគ្រោះទាំង៤នាក់រស់នៅភូមិ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពបន្តទៀតថា ក្រោយពេលកេីតហេតុអ្នកបេីបរថយន្តបានរត់គេចខ្លួនបាត់ មិនស្គាល់អត្តសញ្ញាណ បើកបររថយន្តម៉ាកហុីយ៉ាន់ដាយ ពាក់ស្លាលេខតាកែវ ៣A.១១៣៦ខូចខាតតិចតួច។

ចំណែកម៉ូតូជនរងគ្រោះ ម៉ាកអុិចសុិនធ័រគ្មានស្លាកលេខខូចខាតស្ទើរទាំងស្រុង។ 

ក្រោយកើតហេតុកម្លាំងនគរបាលបានចុះមកដល់ធ្វើការវាស់វែងនិងធ្វើកំណត់ហេតុព្រមទាំងទាក់ទងទៅដល់សាច់ញាតិជនេងគ្រោះដើម្បីមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី។

ចំណែករថយន្ដនិងម៉ូតូត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំធ្វើដោះស្រាយតាមនីតិវិធីច្បាប់ចរាចរណ៍៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖