ខេត្តត្បូងឃ្មុំ៖ តាមប្រភពព័ត៍មានពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅព្រឹកថ្ងៃសុក្រទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត ដឹកនាំសហការី កាលពីម្សិលមិញនេះ បានចុះពិនិត្យពោត អនុវត្តបង្ហាញនិងប្រគល់ធាតុចូលកសិកម្ម (ជីកសិកម្ម 20-8-20 & 46-00-00 )ដល់កសិករសហការអនុវត្តបង្ហាញដល់កសិករ ៤បង្ហាញ/៤គ្រួសារ និងណែនាំ តម្រង់ទិសបច្ចេកទេសកសិកម្មបន្ថែម នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី១ និងភូមិម៉ាស៊ីន កិនស្រូវ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួល និងតាមដាន អនុវត្តផ្ទាល់ដោយមន្ត្រីអនុវត្តគម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរៈបរិស្ថាន (CFAVC) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ។
ការធ្វើបង្ហាញនេះ ត្រូវអនុវត្តលើផ្ទៃដី ០,៥០ហិកតា/បង្ហាញ ដោយប្រើគ្រាប់ពូជពោតអ៊ីប្រ៊ីដ កម្ពុជា០១ (Cambodia Hybrid Maize 01-CHM01 ) ដែលជាពូជស្រាវជ្រាវបង្កាត់ដោយ អ្នកបច្ចេកទេសកម្ពុជាយើង ហើយបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
តាមការរៀបរាប់របស់លោក លី សុខ ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្ម បានឱ្យដឹងថា នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ផ្ទៃដីដាំដុះពោត ប្រមាណ ៣ ២០០ហិកតា ។ ដោយឡែកលោក ចៅ រ៉ូនី ជាកសិករសហការអនុវត្តបង្ហាញ បានឱ្យដឹងថា នៅឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ផ្ទៃដីដាំដុះពោត ប្រមាណ ៥០០ហិកតា។ នៅភូមិសាស្ត្រស្រុកត្បូងឃ្មុំ អាចដាំដុះពោតបាន ២ដង/ឆ្នាំលើផ្ទៃដីតែមួយ។ តាមការពិនិត្យជារួម បង្ហាញថានៅរដូវប្រាំងឆ្នាំនេះ ដំណាំពោតមានការលូតលាស់ ប្រសើរជាងឆ្នាំមុន៕
ដោយ៖សហការី