ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស០៥នាក់បានរងរបួសធ្ងន់ស្រាលត្រឹមរយៈពេល២០នាទី ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានមនុស្សចំនួន០៥នាក់បានរងរបួសធ្ងន់ស្រាលត្រឹមរយៈពេល២០នាទី ដោយសារគ្រោះថ្នាក់ចរាចរណ៍២លើក នៅក្រុងពោធិ៍សាត់ ។

នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១៦ និង៥០នាទី រសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវកៅស៊ូមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងកើត ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបររថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0761 បើកបរដោយឈ្មោះ នឹម ស៊ីនេង ហៅម៉ៅ ភេទប្រុស អាយុ ៤៤ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិសង្កាត់បន្ទាយដីក្រុង.ខេត្តពោធិ៍សាត់(ស្រវឹង)ក្នុងទិសដៅពីកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានជ្រុលទៅបុកម៉ូតូសណ្ដោងរុឺម៉ក(ច្រាស់ទិសគ្នា)បណ្ដាលឲ្យភាគីម៉ូតូសណ្ដោងរ៉ឺម៉ករងរបួសធ្ងន់២នាក់  បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន ។

នគរបាលក្រុងពោធិ៍សាត់ឲ្យដឹងទៀតថា លុះនៅវេលាម៉ោង១៧ និង១០នាទី ល្ងាចថ្ងៃដដែល នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតនៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត រវាងអ្នកជិះម៉ូតូ និងម៉ូតូ ខណៈកំពុងធ្វើដំណើរស្របទិសគ្នា(ជើងទៅត្បូង)បណ្ដាលឲ្យរងរបួសទាំងសងខាងចំនួន៣នាក់(ធ្ងន់២នាក់)។

មន្ត្រីនគរបាលក្រុងបញ្ជាក់ទៀតថា បច្ចុប្បន្ន វត្ថុតាងម៉ូតូ និងរថយន្ត នគរបាលការិយាល័យជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ យកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖