ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហ៊ុន ដានី ៖ «នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍»

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានបញ្ជាក់អោយដឹងថា, លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍បានថ្លែងថា៖ «នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍»។ លោកស្រី បានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តគោលនយោបាយលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រីក្នុងវិស័យទេសចរណ៍ នៅសាលាខេត្តស្ទឹងត្រែង។

សូមជម្រាបថា សិក្ខាសាលានេះធ្វើឡើងនាព្រឹកថ្ងៃសុក្រ  ១៣កើត  ខែមាឃ  ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦  ត្រូវនឹងថ្ងៃទី០៣  ខែកុម្ភៈ  ឆ្នាំ២០២៣  ដែលសហការរៀបចំដោយក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាពលោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

 លោកស្រីរដ្ឋលេខាធិការ ហ៊ុន ដានី  ក៏បានលើកឡើងទៀតថា «ស្ត្រីដើរតួនាទីសំខាន់ក្នុងការចូលរួមពង្រឹងភាពធន់ ស្តារ និងអភិវឌ្ឍវិស័យទេសចរណ៍»។ ផ្តើមពីតួនាទីដ៏មានសារៈសំខាន់របស់ស្ត្រី ក្រសួងបានចាត់ទុកស្ត្រីគឺជាកម្លាំងចលករដ៏មានសក្តានុពលនិងជាភាគីពាក់ព័ន្ធដ៏សំខាន់មិនអាចខ្វះបាន ដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងភាពធន់និងអភិវឌ្ឍវិស័យទេសចរណ៍ លើកស្ទួយកម្រិតជីវភាពគ្រួសារ សហគមន៍ និងសង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ ក្រសួងទេសចរណ៍បានដាក់ចេញនូវគោលនយោបាយ កម្មវិធី និងសកម្មភាពនានាជាច្រើន ដើម្បីជំរុញការលើកកម្ពស់សិទ្ធិ តួនាទី តម្លៃស្ត្រី ទាំងក្នុងក្របខណ្ឌមន្ត្រីរាជការសាធារណៈ និងក្នុងឧស្សាហកម្មទេសចរណ៍។

ចំពោះមុខនេះ ស្ត្រីក្នុងវិស័យទេសចរណ៍កាន់តែត្រូវបានយកចិត្តទុកដាក់បន្ថែមទៀតពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តាមរយៈការដាក់ចេញនូវគោលនយោបាយគាំពារសង្គម ជំនួយសង្គម និងកិច្ចការពារតាមផ្លូវច្បាប់ដល់ក្រុមស្ត្រីដែលបម្រើការផ្នែកសេវាកម្សាន្តទេសចរណ៍ថែមទៀតផង។

លោកស្រីរដ្ឋលេខាធិការបន្តថា ការលើកកម្ពស់សិទ្ធិ  និងការចូលរួមរបស់ស្រ្តីក៏ត្រូវបានឆ្លុះបញ្ចាំងផងដែរនៅក្នុង «គោលនយោបាយសមភាពយេនឌ័រ» ដែលមានចែងក្នុងរបៀបវារៈនៃយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តល់នូវតម្លៃ និងសារៈសំខាន់នៃការចូលរួមរបស់ស្រ្តីនៅគ្រប់ដំណើរការនៃកិច្ចអភិវឌ្ឍប្រទេសជាតិ ដោយបានចាត់ទុកថា «ស្ត្រី គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ»៕

ដោយ ៖ សហការី


ចែករំលែក៖