ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី១៤ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ៖ តាមការបញ្ជាក់របស់លោក អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ថ្លែងថា លោក ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( H.E.Mr.Frank-Walter Steinmeier ) ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់នឹងអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃ ទី១៤ ដល់ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមកម្មវិធីដែលបានគ្រោងទុកក្នុងឱកាសស្នាក់នៅ និងបំពេញទស្សនកិច្ចនៅកម្ពុជាលោកប្រធានាធិបតីនិងគណៈប្រតិភូនឹងអញ្ជើញសម្ដែងការគួរសមជាមួយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។ គណៈប្រតិភូនឹងអញ្ជើញ​​ដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យនិងពិធីដាក់កម្រងផ្កាគ្រប់វិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋព្រះ ករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ។ លោកប្រធានាធិបតីក៏នឹងមានកិច្ចប្រជុំជាមួយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូជាន់ខ្ពស់នឹងអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ដែលរៀបចំដោយ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រភពដដែលបញ្ជាក់ថាគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏នឹងអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនិងទស្សនាស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជាផងដែរ។ ទន្ទឹមនេះនឹងអញ្ជើញទៅទស្សនកិច្ចខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ព្រមទាំងតំបន់ប្រវត្តិសាស្ត្រ និងទីតាំងសំខាន់ៗផ្សេងៗទៀត៕

ដោយ៖ សូរិយា


ចែករំលែក៖