ខេត្តសឹ្ទងត្រែង៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៣នេះ សមត្ថកិច្ចចម្រុះចុះឆ្មក់ឡោមព័ទ្ធ ឆែកឆេររោងសិប្បកម្មជាច្រើនកន្លែង អត់ច្បាប់អនុញ្ញាត ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសឹ្ទងត្រែង។ ក្នុងការចុះប្រតិបត្តិការឆែកឆេរ បានចុះឡោមព័ទ្ធតាមរោងសិប្បកម្មកែច្នៃឈើ គេសង្ស័យថា អត់ច្បាប់ជាច្រើនឥឡូវនេះត្រូវបានចាប់បង្រ្កាប ជាបណ្តើរៗក្នុងកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច។
ពាក់ព័ន្ធជុំវិញករណីរឿងនេះ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា កម្លាំងចម្រុះបានឡោមព័ទ្ធទីតាំងសិប្បកម្ម ដែលទទួលប្រមូលទិញនិងស្តុបឈើ អត់ច្បាប់អនុញ្ញាតជាច្រើន ហើយបានដកហូតឈើជាច្រើនម៉ែត្រគូប និងម៉ាស៊ីនជ្រៀកសម្ភារពាក់ព័ន្ធមួយចំនួន សម្រាប់កែច្នៃឈើជាច្រើនផងដែរ។
មន្រ្តីដដែលបានបញ្ជាក់ថា: កន្លងមកម្ចាស់រោងសិប្បកម្មដែលប្រមូលទិញឈើបែបអនាធិបតេយ្យគ្មានច្បាប់ តាមម៉ូតូ រថយន្ត និងតាមទូកកាណូត ដោយលួចលាក់ដឹកចូលក្នុងរោងសិប្បកម្ម ជាច្រើនកន្លែងនៅពេលថ្ងៃ និងយប់ គ្រប់ច្រកល្ហកតាមបណ្តាស្រុក ក្នុងខេត្តស្ទឹងត្រែង។
ពេលចុះបង្រ្កាបកម្លាំងសមត្ថកិច្ចចម្រុះរកឃើញភាគច្រើនជាឈើប្រណិត ដែលលាក់ទុកក្នុងបន្ទប់សម្រាប់កែច្នៃជាគ្រឿងសង្ហារឹម ដើម្បីនាំទៅលក់នៅតាមគោលដៅផ្សេងៗក្នុងស្រុកមួយផ្នែក និងលួចដឹកឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកស្រុកឈ្នួល ខេត្តក្រចេះជាដើម។
ការបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើគ្រប់ប្រភេទខាងលើនេះ ម្ចាស់អាជីវកម្មមួយចំនួនបានដឹកជញ្ជូនលាក់ទុកដើម្បីគេចពីសមត្ថកិច្ចតាមចាប់។ ពោលគឺ មួយចំនួនទៀតដែលសមត្ថកិច្ចបង្រ្កាបរឹបអូសបាននេះ បានកោះហៅម្ចាស់ឈើនិងកម្មករក្នុងរោងសិប្បកម្មទៅសាកសួរ។ប៉ុន្តែគេមិនទាន់ដឹងថា ការឃាត់ខ្លួននិងបន្តនីតិវិធី ឬពិន័យយ៉ាងណានៅឡើយទេ ជុំវិញករណី នេះ ។
សូមបញ្ជាក់ថា ទីតាំងរោងសិប្បកម្ម កែច្នៃឈើអត់ច្បាប់ខាងលើនោះ កន្លែងមកនេះក៏ធ្លាប់បានធ្វើកិច្ចសន្យានៅចំពោះមុខសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើត្រូវបញ្ឈប់ពីសកម្មភាពរបស់ខ្លួនបន្តទៀត បើទោះបីយ៉ាងណានេះក្តីក្រោយមកពួកគេនៅតែបន្តបើកអាជីវកម្មបែបអនាធិបតេយ្យដដែល៕
ដោយ៖ មាស សុផាត