ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូល្បឿនលឿនទៅបុករថយន្តចតស្ងៀមបណ្ដាលឱ្យបាត់បង់ជីវិតនៅស្រុកបាធាយ!

ចែករំលែក៖

ខេត្តកំពង់ចាម ៖ យុវជនម្នាក់បានបើកបរម៉ូតូជ្រុលទៅបុករថយន្តចតស្ងៀមលើផ្លូវបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅវេលា​ម៉ោង​ ០៧:១០នាទីព្រឹកថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លេីផ្លូវជាតិ​លេខ​៦​ ចន្លោះគីឡូម៉ែត្រលេខ ៤៥-៤៦​ ភូមិ​ភ្នំដិល​ ឃុំតាំងក្រាំង​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ ។

សមត្ថកិច្ចបានឱ្យដឹងថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កេីតឡេីង​រវាង​ ម៉ូតូ​ និង​រថយន្ត​ ដោយ​ម៉ូតូ​០១គ្រឿង​ ម៉ាក​ហុងដា​សេ១២៥​ ពណ៌​ខ្មៅ​ ពាក់ផ្លាកលេខ​ កំពង់ចាម​ 1AD-7376 បេីកបរដោយឈ្មោះ​ សៀន​ វិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​១៧ឆ្នាំ​ មានទី​លំនៅភូមិ​ទួលចាន់​ ឃុំ​ច្បារអំពៅ​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម​ ពាក់​មួក​សុវត្ថិភាព​​ មានទិសដៅ​ពី​លិចទៅកេីត​ បានបុកពីក្រោយ​រថយន្ត​ ០១គ្រឿង​ ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌ក្រហម​ ពាក់​ផ្លាក​លេខ​ សៀមរាប​ 3A-0030 អ្នកបើកបរ​មិនស្គាល់​អត្តសញ្ញាណ​ ដែលបានឈប់​នៅ​ចិញ្ចើម​ផ្លូវ​ ទិសដៅ​ពី​លិចទៅកេីត​ ស្របទិសគ្នា។ 

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុអ្នកបេីក​បរ​ម៉ូតូ​ប្រេីប្រាស់​ល្បឿន​លឿន។ 

ករណីនេះ​បណ្ដាលឲ្យស្លាប់​មនុស្ស​ ០១នាក់​ ភេទប្រុស​ អ្នក​បេីកបរ​ម៉ូតូ ។

ខូចម៉ូតូ​ ០១គ្រឿង​ កម្រិត​ធ្ងន់ ខូច​រថយន្ត​ ០១គ្រឿង​ កម្រិត​ស្រាល។

ករណីនេះវត្ថុតាង​ទាំង០២គ្រឿង​ បានយក​មក​រក្សាទុក​បណ្ដោះអាសន្ន​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​បាធាយ​ ៕

ដោយ៖ វណ្ណៈ


ចែករំលែក៖