ភ្នំពេញ៖ សិស្សានុសិស្ស ប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេសA ចំនួន១១នាក់ ដែលរៀននៅក្នុង គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សារបស់រដ្ឋ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ទទួលបានការលើកទឹកចិត្ត ពីសំណាក់ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ដោយផ្តល់ជូននូវកុំព្យូទ័រ ឡេបថប ម្នាក់១គ្រឿងសម្រាប់យកទៅសិក្សាបន្តទៀត ។
ពីធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃ៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ និងមានការចូលរួមពីលោក- លោកស្រី ជាអភិបាលរង , លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ , លោកអធិការនគរបាលខណ្ឌ , មាតាបិតា អាណាព្យាបាលសិស្សដែលជាប់និទ្ទេសAទាំង១១នាក់ រួមនិងលោកនាយកសាលាផងដែរ ។
មានប្រសាសន៍សំណេះសំណាលក្នុងពិធីនេះ លោកអភិបាលខណ្ឌ បានផ្ដាំផ្ញើ ឲ្យក្មួយៗសិស្សានុសិស្ស ត្រូវខិតខំ សិក្សារៀនសូត្របន្តទៅទៀត ក្នុងក្របខ័ណ្ឌឧត្តមសិក្រា ដើម្បីអនាគត របស់ក្មួយៗ ទី១-ដើម្បីខ្លួនឯង , ទី២-ដើម្បី ក្រុមគ្រួសារយើង និងទី៣- ដើម្បី សង្គមជាតិរបស់យើង ហើយក៏មានន័យថា ក្មួយៗ បានសងគុណឪពុកម្ដាយ តាមរយៈការខិតខំរៀនសូត្រទទួលបានលទ្ធផលល្អ ធ្វើឲ្យឪពុកម្តាយនិងអាណាព្យាបាលមានកិត្តិយសបំផុត ។
លោកអភិបាលខណ្ឌ បានបន្តថា បច្ចុប្បន្ននិងទៅអនាគតសង្គមជាតិរបស់យើងត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើនបន្ថែមទៀត និយាយរួម ការវិវឌ្ឍនៃចំណេះដឹងនិងបច្ចេកវិទ្យា មានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ មិនចាំយើងទេ ដូច្នេះហើយ ក្មួយៗ ទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែង រៀនសូត្រ បន្ថែមទៀត រហូតទៅដល់កម្រិត ថ្នាក់បណ្ឌិត ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌថ្លែងកោតសរសើរដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្សរហូតដល់ប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេសA ៕
ដោយ៖ សណ្តោស